ក្រុមមន្រ្តីនិយាយថា អតីតរដ្ឋមន្រ្តីដឹកជញ្ជូនរុស្ស៊ីលោក Roman Starovoit បានស្លាប់ដោយការធ្វើអត្តឃាតកាលពីថ្ងៃចន្ទ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបណ្តេញរូបលោកចេញពីតំណែង ។
លោក Starovoit ត្រូវបានលោក Putinបណ្តេញចេញពីតំណែងកាលពីព្រឹកថ្ងៃចន្ទ ។ ក្រឹត្យប្រកាសការបណ្តេញគាត់ចេញពីការងារ ត្រូវបានចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់វិមានក្រឹមឡាំង ដែលលោកអនុរដ្ឋមន្រ្តី Andrey Nikitin ត្រូវបានតែងតាំងជារដ្ឋមន្រ្តីស្តីទី ។

ពេលក្រុមអ្នកសារព័ត៌មានសួរពីហេតុផលនៅពីក្រោយការបណ្តេញរូបលោក Starovoit ចេញពីការងារ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា នេះដោយសារតែកង្វះទំនុកចិត្ត ប៉ុន្តែលោកពុំបានផ្តល់ហេតុផលជម្រើសផ្សេងនោះទេ ។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាកសពរបស់លោក Starovoit ត្រូវបានរកឃើញនៅក្នុងរថយន្តនៅតំបន់ជាយក្រុង Odintsovo ស្ថិតក្នុងទីក្រុងម៉ូស្គូ ។
ពួកគេបន្តថា គាត់ត្រូវបានរកឃើញមានរបួសត្រូវគ្រាប់កាំភ្លើង ហើយកាលៈទេសៈនៃការស្លាប់របស់គាត់ ត្រូវបានស៊ើបអង្កេត ប៉ុន្តែទ្រឹស្តីសំខាន់ គឺជាករណីធ្វើអត្តឃាត ៕
