អ្នកស្រី Nyandow Wie Deng បានប្រជៀតតម្រង់ជួរគ្នានៅក្នុងចំណោមស្រ្តី និងកុមារគ្មានកម្លាំងកំហែង ស្របពេលដែលក្រុមការងារជំនួយ ចែកនំកញ្ចប់នៅទីក្រុងព្រំដែនដាច់ស្រយាល Muon ស្ថិតក្នុងតំបន់ Gambella របស់ប្រទេសអេត្យូពី ។
សម្រាប់អ្នកស្រី Nyandow និងគ្រួសាររបស់គាត់ ជំនួយស្បៀងអាហារបន្ទាន់ គឺជាធម្យោបាយតែមួយគត់ដែលពួកគេអាចរស់បាន ក្រោយជម្លៀសខ្លួនចេញពីជម្លោះនៅប្រទេសស៊ូដង់ខាងត្បូង ដែលបង្ខំឲ្យពួកគេបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ កសិកម្ម និងមធ្យោបាយរស់រាន ។

អ្នកស្រីនិយាយថា គាត់មានផ្ទៃពោះ ពេលដែលគាត់រត់ភៀសខ្លួន ។ គាត់បានដើររយៈពេល ៤ថ្ងៃ ដើរយឺតៗទាំងឈឺ ជាមួយកូនៗរបស់គាត់ និងគ្មានអ្វីឲ្យពួកគេបរិភោគនោះឡើយ ។
អ្នកស្រី Nyandow ស្ថិតក្នុងចំណោមក្រុមស្វែងរកសិទ្ធិជ្រកកោនស៊ូដង់ខាងត្បូង ៥ម៉ឺននាក់ ដែលឆ្លងព្រំដែនចូលមកកាន់តំបន់ Gambella របស់ប្រទេសអេត្យូពី ដោយរត់ភៀសខ្លួនចេញពីអំពើហិង្សាថ្មីនៅរដ្ឋ Upper Nile ។
អង្គការអន្តរជាតិដូចជាកម្មវិធីស្បៀងអាហារពិភពលោក(WFP) កំពុងព្យាយាមឈានដល់តម្រូវការរបស់ពួកគេ ដោយចែកនំកញ្ចប់មានថាមពលខ្ពស់ និងត្រួតពិនិត្យសុខភាពមនុស្សងាយរងគ្រោះ សម្រាប់កង្វះអាហារូបត្ថម្ភ ។
លោក Kudzayi Mazumba គឺជាប្រធានការិយាល័យ WFP នៅតំបន់ Gambella និយាយថា WFP មានគម្រោងផ្តល់ចំណែកស្បៀងអាហារប្រចាំខែ ដើម្បីឲ្យពួកគេអាចឈានដល់តម្រូវការស្បៀងអាហាររបស់ពួកគេបាន ៕
