
ភ្នំពេញ៖ នគរបាលឃាត់ខ្លួនមនុស្ស៣នាក់ទៀតពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍។ អនុវត្តតាមដីការបស់តុលាការ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ នគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្ស៣នាក់ទៀតជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពីមនុស្សទាំង៣នាក់នេះមនុស្ស៣បានរត់គេចខ្លួនកន្លងមក។
ប្រភពព័ត៌មានបានឱ្យដឹងថា មនុស្សទាំង៣នាក់នោះមានទី១ឈ្មោះ សុខ ណារិទ្ធ ទី២ឈ្មោះ សុខ គង្គា និងម្នាក់ទៀតឈ្មោះ ឈឹម ស៊ីថរ ពួកគេក៏ស្ថិតនៅក្នុងចំណោមមនុស្សទាំង៩នាក់ ដែលត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
គិតមកដល់ពេលនេះជនត្រូវចោទទាំង ០៩នាក់ ត្រូវបានឃាត់ និងឃុំខ្លួន ០៦នាក់ហើយ អ្នកដែលត្រូវបានឃុំខ្លួននោះ រួមមានដូចជា៖ ១. រី សុវណ្ណឌី ២.សុន ស្រីពេជ ៣. ហៃ សុភាព ៤. ឃ្លាំង សុបិន្ត ៥.ទូច សិរីមាស និងទី៦. ឈឹម សុខន ។ អ្នកទាំង៦នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១២។
មុនមានការឃាត់ខ្លួនមនុស្ស២នាក់បន្ថែមទៀតនេះដែរ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងនគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតបង្ហាញភស្តុតាងមួយចំនួន ដែលបញ្ជាក់ថា ការរៀបចំប្រមូលផ្តុំធ្វើការតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺមានការផ្តល់ថវិការាប់ម៉ឺនដុល្លារ ពីអង្គការចាត់តាំងនៅក្រៅប្រទេស។
សូមបញ្ជាក់ថា ការតវ៉ារបស់ក្រុមបាតុករកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការសម្របសម្រួល និងអំពាវនាវឱ្យផ្អាកសកម្មភាពតវ៉ា ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំសកល២០២២ ប៉ុន្តែក្រុមបាតុករមិនបានបញ្ឈប់សកម្មភាពតាមការអំពាវនាវនោះឡើយ ទើបឈានដល់មានការអនុវត្តច្បាប់ និងស្រាវជ្រាវរកឫសគល់នៃបញ្ហាតវ៉ានេះផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
