ខ្យល់បក់ខ្លាំងបានធ្វើឲ្យភ្លើងឆេះព្រៃកាន់តែរីករាលដាលយ៉ាងឆាប់រហ័សកាលពីយប់ថ្ងៃចន្ទនៅតំបន់ Catalonia និងបានឆេះដីព្រៃជាង ២ពាន់ហិចតា ។
រថយន្តពន្លត់អគ្គិភ័យ បានបើកកាត់ផ្លូវមានខ្យល់បក់ខ្លាំងនៅលើភ្នំ Pauls ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមទប់ស្កាត់អណ្តាតភ្លើង ។
ការប្រកាសអាសន្នសុវត្ថិភាព ត្រូវបានដកចេញនៅទីក្រុង Tortosa ប៉ុន្តែមនុស្សយ៉ាងហោច ២ពាន់នាក់នៅទីក្រុងផ្សេងទៀត ត្រូវបានណែនាំឲ្យបន្តស្នាក់នៅក្នុងផ្ទះ ។

នៅព្រឹកថ្ងៃអង្គារនេះ សមាជិកអង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ បានចូលរួមជាមួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ៣០០នាក់ ដែលត្រូវបានដាក់ពង្រាយរួចទៅហើយទៅកាន់តំបន់ភ្លើងឆេះព្រៃ ។
សូមបញ្ជាក់ថា ប្រទេសជាច្រើននៅតំបន់មេឌីទែរ៉ាណេ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ពេលដែលរលកកម្តៅកាន់តែអាក្រក់ទៅនៅទូទាំងតំបន់អឺរ៉ុបខាងត្បូង និងផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា បង្ខំឲ្យមានការជម្លៀសខ្លួនមនុស្ស និងការប្រកាសអាសន្ន ។
ភ្លើងឆេះព្រៃ បានកើតមានឡើងនៅប្រទេសក្រិក ទួរគី បារាំង និងស៊ីរី កាលពីថ្ងៃអាទិត្យ ក្នុងនោះប្រទេសមួយចំនួន ស្ថិតក្នុងការប្រុងជើងការខ្ពស់ ពេលដែលក្រុមព្យាករអាកាសធាតុ ព្រមានថា អាកាសធាតុក្តៅខ្លាំងនឹងកាន់តែអាក្រក់ទៅនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ចាប់ពីប្រទេសអេស្ប៉ាញ ដល់ប្រទេសអ៊ីតាលី ក្រុមអាជ្ញាធរ បានជំរុញឲ្យអ្នកស្រុក ការពារមនុស្សងាយរងគ្រោះ និងចៀសវៀងការធ្វើដំណើរពុំចាំបាច់ អំឡុងពេលរលកកម្តៅធ្ងន់ធ្ងរដំបូងនៅរដូវក្តៅនេះ ៕
