នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតូក្យូ បានបង្ហាញនូវក្តីបារម្ភរបស់ខ្លួនចំពោះផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់ជប៉ុន បន្ទាប់ពីព័ត៌មាននៃផែនការថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដាក់អត្រាពន្ធ ២៥ភាគរយ ចាប់ពីខែសីហាតទៅ ។
កាលពីថ្ងៃចន្ទ លោក Trumpចាប់ផ្តើមជូនដំណឹងទៅកាន់ប្រទេសដៃគូពាណិជ្ជកម្ម រួមទាំងជប៉ុនផងដែរថា លោកនឹងទារពន្ធ ២៥ភាគរយ ចាប់ពីថ្ងៃទី ១ ខែសីហាតទៅ ដោយពន្យាពេលឱសានវាទលើកមុននៅថ្ងៃទី ៩ ខែកក្កដា ។
នៅពេលសួរថាតើឱសានវាទថ្មីនៅថ្ងៃទី ១ ខែសីហាច្បាស់លាស់ឬ លោក Trump បានបង្ហាញឆន្ទៈពន្យាពេលអនុវត្ត បើសិនជាប្រទេសដៃគូដាក់សំណើអាចទទួលយកបាន ។

លោក Yuki Furuhashi គឺជាបុគ្គលិកបម្រើការក្នុងការិយាល័យមួយរូបនៅទីក្រុងតូក្យូ និយាយថា លោកគិតថា នេះគឺជាលទ្ធផលនៃការចរចា ហើយនិងយោគយល់សម្ព័ន្ធមិត្តរបស់ពួកយើងជាមួយសហរដ្ឋអាមេរិក ។ លោកយល់ឃើញថា វាគឺជាស្ថានភាពលំបាកមួយ ។
នៅក្នុងជំនួបគណៈរដ្ឋមន្រ្តីជាមួយក្រុមរដ្ឋមន្រ្តីនាថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shigeru Ishiba និយាយថា លោកនឹងបន្តចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមានអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ៕
