ភ្នំពេញ ៖សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញនៅថ្ងៃទី៤ ខែមករា បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០ នាទីព្រឹក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានទទួលការសន្ទនាតាមទូរសព្ទពីឯកឧត្តម ចូកូ វីដូដប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេសុី
ក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរសព្ទ ឯកឧត្តម ចូកូ វីដូដូ បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះកម្ពុជាក្នុងការចូលកាន់តំណែងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់សាជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឥណ្ឌូណេស៊ី ចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ។ ឯកឧត្តមជឿជាក់ថាជោគជ័យរបស់កម្ពុជា នឹងរួមចំណែកដ ល់ជោគជ័យរបស់ឥណ្ឌូណេស៊ីក្នុងពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣។ ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានគាំទ្រក ម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ សម្តេចតេជោ ក៏បានកោតសរសើរគំនិតផ្តួចផ្តើមជាច្រើនរបស់ឥណ្ឌូណេស៊ីដែលបានរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន។
ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពី ការវិវឌ្ឍថ្មីៗនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ។
ដោយ៖ គង់ ឌិន