នៅថ្ងៃអង្គារ (ទី៨ ខែកក្កដា) នេះ គណៈប្រតិភូដឹកជញ្ជូនរបស់ប្រទេសលីបេរីយ៉ា បានប្រាប់កិច្ចប្រជុំរបស់អង្គការដែនសមុទ្រអន្តរជាតិថា សមាជិកនាវិក ២នាក់នៃនាវាដឹកទំនិញដ៏ធំប្រតិបត្តិការដោយក្រិក គឺ Eternity C ដែលមានទង់ជាតិលីបេរីយ៉ា ត្រូវបានសម្លាប់ អំឡុងពេលមានការវាយប្រហារដោយយានដ្រូន និងទូកល្បឿនលឿន នៅឯប្រទេសយេម៉ែន កាលពីល្ងាចថ្ងៃចន្ទ។
ការស្លាប់នៅលើនាវានេះ ដែលជាការជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនលើកដំបូង នៅក្នុងសមុទ្រក្រហម ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ បាននាំឲ្យចំនួនសរុបឡើងដល់ ៦នាក់ហើយ សម្រាប់អ្នកដើរសមុទ្រដែលត្រូវបានសម្លាប់ អំឡុងការវាយប្រហារលើនាវា នៅក្នុងច្រករបៀងដឹកជញ្ជូនដ៏សំខាន់នេះ។
គួរបញ្ជាក់ថា បើយោងតាមមន្ត្រី នៅប្រតិបត្តិការ Aspides របស់សហភាពអឺរ៉ុបដែលត្រូវបានចាត់តាំងឲ្យជួយការពារការដឹកជញ្ជូនតាមសមុទ្រក្រហម បានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃចន្ទលើនាវា Eternity C នៅចម្ងាយ ៥០ម៉ាយល៍ ពីភាគនិរតីនៃកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន គឺជាការវាយប្រហារលើកទី២ លើនាវាពាណិជ្ជករ នៅក្នុងតំបន់នេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។
ប៉ុន្មានម៉ោងមុនការវាយប្រហារនោះ ក្រុមសកម្មប្រយុទ្ធហ៊ួទី ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារលើនាវាដឹកទំនិញដ៏ធំប្រតិបត្តិការដោយក្រិកមួយផ្សេងទៀត គឺ MV Magic Seas ដែលមានទង់ជាតិលីបេរីយ៉ា ស្ថិតនៅភាគនិរតីនៃប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដោយប្រាប់ថា នាវានេះបានលិច៕