ប្រភពការទូតទួរគីរ នៅថ្ងៃអង្គារ (ទី៨ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសទួរគី នឹងទៅបំពេញទស្សនកិច្ច នៅប៉ាគីស្ថាន នាថ្ងៃពុធស្អែកនេះ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Shehbaz Sharif អំពីទំនាក់ទំនងទ្វេភាគី បញ្ហាក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។
គួរបញ្ជាក់ថា ប្រទេសទួរគីមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយប៉ាគីស្ថាន ហើយបានបង្ហាញពីសាមគ្គីភាពជាមួយប្រទេសនេះ ក្នុងអំឡុងពេលមានជម្លោះយោធាជាមួយឥណ្ឌា កាលពីខែឧសភា ជាអ្វីដែលនាំឲ្យឥណ្ឌាខឹងសម្បា។
ប្រភពបានបង្ហើបថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan នឹងបង្ហាញពីបំណងរបស់ទួរគី ក្នុងការធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ និងបញ្ជាក់ពីការគាំទ្ររបស់ទីក្រុងអង់ការ៉ា ក្នុងការចាត់វិធានការឆ្ពោះទៅរកសន្តិភាពក្នុងតំបន់។
ជាមួយគ្នានេះ ប្រភពបានបន្ថែមទៀតថា លោក Fidan នឹងសង្កត់ធ្ងន់ដល់បណ្តាប្រទេសទាំងឡាយនូវ «ចាំបាច់ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ នៅក្នុងឧស្សាហកម្មការពារជាតិ»៕