ស៊ីហ្គេម៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី០៤ ខែមករាបានបន្ដរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិកជាលើកទី៥ ប្រចាំឆ្នាំ២០២១-២០២២ ដើម្បីផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹងកីឡាដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ។ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា នេះគឺជាលើកទី៥ ហើយដែល NOCC បើកយុទ្ធនាការអប់រំគុណតម្លៃអូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹងកីឡាដល់សិស្សានុសិស្ស ពិសេសគឺការផ្សព្វផ្សាយនូវយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ទន្ទឹមជាមួយគ្នា យុវសិស្ស នួន វិច្ឆិកា បានសម្ដែងនូវក្ដីរីករាយដែលបានទទួលនូវចំណេះដឹងកីឡាពីកម្មវិធី ហើយពួកគេបានយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការលេងកីឡា។ មិនតែប៉ុណ្ណោះបើមានឱកាស វិច្ឆិកា រំពឹងថា ខ្លួននឹងចូលរួមធ្វើជាអ្នកស្ម័គ្រចិត្តបម្រើការងារ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ទៀតផង។ គួរដឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិកត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំរៀងរាល់ឆ្នាំ ហើយយុទ្ធនាការប្រចាំឆ្នាំ២០២១-២០២២ នៅសល់ ៣លើកទៀតដែលគ្រោងរៀបចំនាពេលឆាប់ៗខាងមុខ ជាក់ស្ដែងនៅថ្ងៃទី០៥ ខែមករានេះ NOCC នឹងបន្ដរៀបចំកម្មវិធីនេះនៅវិទ្យាល័យច្បារអំពៅវិញម្ដង ដើម្បីបន្ដបញ្ជ្រាបពីគុណតម្លៃអូឡាំពិក និងយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា