អ្នកនាំពាក្យនិយាយថា ភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័សនៅតំបន់ភាគខាងត្បូងប្រទេសបារាំងបណ្តាលមកពីខ្យល់បក់ល្បឿន ៧០គ.មក្នុង ១ម៉ោង បង្ខំឲ្យបិទដំណើរការអាកាសយានដ្ឋានក្រុង Marseille នៅថ្ងៃអង្គារនេះ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ស្របពេលដែលវិស្សមកាលរដូវក្តៅនៅបារាំងចាប់ផ្តើម ។
សេវាកម្មពន្លត់អគ្គិភ័យក្នុងស្រុក បាននិយាយនៅលើបណ្តាលព័ត៌មានសង្គម Xថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ១៦៨នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់អណ្តាតភ្លើងលើដីព្រៃទំហំ ៣០ហិចតា នៅជិតទីក្រុង Les Pennes-Mirabeau ស្ថិតនៅភាគខាងជើងទីក្រុង Marseilleដែលជាទីក្រុងធំបំផុតទី ២របស់បារាំង ។ រថយន្តពន្លត់អគ្គិភ័យ និងឧទ្ធម្ភាគចក្រ ត្រូវបានប្រើប្រាស់ផងដែរ ។
ទូរទស្សន៍ BFM រាយការណ៍ថា ខ្យល់បក់ខ្លាំងបង្ខំឲ្យមានការជម្លៀសមនុស្សចេញផងដែរនៅទីក្រុង Les Pennes-Mirabeau ។
ដោយឡែក អ្នកនាំពាក្យអាកាសយានដ្ឋានក្រុង Marseille និយាយថា យន្តហោះពុំបានហោះឡើង ឬចុះចតនោះទេ ចាប់តាំងពីថ្ងៃត្រង់រហូតមក ហើយជើងហោះហើរមួយចំនួន បានបង្វែរទិសដៅហោះហើរទៅកាន់អាកាសយានដ្ឋានក្រុង Nice, Nimes និងអាកាសយានដ្ឋានតំបន់ផ្សេងទៀត ។ គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើ ពេលណាទើបអាកាសយានដ្ឋាន បើកដំណើរការឡើងវិញ៕