ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញពពួកល្មូនដែលបានហើរពីលើសត្វដាយណូស័រកាលពីរយៈពេលជាង ២០០លានឆ្នាំមុន ។
ឆ្អឹងថ្គាមរបស់ល្មូនបុរាណ ត្រូវបានរកឃើញនៅរដ្ឋ Arizona កាលពីឆ្នាំ ២០១១ ប៉ុន្តែបច្ចេកវិទ្យាស្កែនទំនើប ទើបបញ្ចេញរឿងរ៉ាវលម្អិតបង្ហាញថា វាគឺជាពពួកសត្វល្មូនហើរដែលថ្មីចែសចំពោះវិទ្យាសាស្រ្ត ។
ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយក្រុមអ្នកវិទ្យាសាស្រ្តនៅសារមន្ទីជាតិប្រវត្តិសាស្រ្តធម្មជាតិ Smithsonian ស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោន បានដាក់ឈ្មោះល្មូននេះថា Eotephradactylus ដែលមានន័យថា “ទេពធីតាព្រឹកព្រលឹមស្លាបផេះ” ។ វាសំដៅលើផេះភ្នំភ្លើងដែលបានជួយអភិរក្សឆ្អឹងរបស់វានៅក្នុងបាតទន្លេបុរាណ ។
រឿងរ៉ាវលម្អិតនៃរបកគំហើញនេះ ត្រូវបានចុះផ្សាយនៅលើទំព័រកាសែត Proceedings of the National Academy of Sciences ។
មានអាយុកាលប្រហែល ២០៩លានឆ្នាំ គេជឿថា វាគឺជាសត្វល្មូនហើរដំបូងគេបំផុតដែលត្រូវបានរកឃើញនៅអាមេរិកខាងជើង ។
លោកវេជ្ជបណ្ឌិត Kligman ពន្យល់ថា ឆ្អឹងរបស់ល្មូនហើរយុគសម័យ Triassic មានលក្ខណៈតូច ស្តើង ហើយច្រើនតែប្រហោង ដូច្នេះហើយពួកវាត្រូវបានបំផ្លាញមុនពេលវាក្លាយជាហ្វូស៊ីល ។
ទីតាំងរបកគំហើញ គឺជាបាតទន្លេហ្វូស៊ីលស្ថិតក្នុងវាលខ្សាច់ថ្មបុរាណនៅឧទ្យានជាតិព្រៃ Petrified ៕