ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ (០៨ កក្ដដា) ថា លោកបានយល់ព្រមបញ្ជូនសព្វាវុធការពាររបស់សហរដ្ឋអាមេរិក ទៅកាន់អ៊ុយក្រែន ហើយកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ ដោយបញ្ជាក់ពីការខកចិត្តរបស់លោកកាន់តែខ្លាំងឡើងជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជុំវិញកំណើនតួលេខអ្នកស្លាប់នៅក្នុងសង្គ្រាមរុស្ស៊ី ជាមួយអ៊ុយក្រែន។

លោក Trump ដែលបានសន្យាថាបញ្ចប់សង្រ្គាមក្នុងពេលត្រឹមតែមួយថ្ងៃកាលនៅជាបេក្ខជនប្រធានាធិបតី ហាក់មិនអាចធ្វើតាមការសន្យានោះបានទេ ហើយកិច្ចខិតខំប្រឹងប្រែងដោយរដ្ឋបាលរបស់លោកដើម្បីសម្របសម្រួលសន្តិភាពក៏មិនចេញផ្លែផ្កាអ្វីធំដុំដែរ។
កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលជំនួបមន្ត្រីមកពីគណៈរដ្ឋមន្រ្តីនៅសេតវិមាន លោក Trump បាននិយាយរិះគន់លោក Putin យ៉ាងច្បាស់ៗថា៖ "រូបលោកមិនសប្បាយចិត្តនឹងលោក Putin ទេ ដោយសង្កត់ធ្ងន់លើការស្លាប់របស់ទាហានអ៊ុយក្រែន និងរុស្ស៊ី រាប់ម៉ឺននាក់”។ លោកបន្តថា "អាមេរិក ទទួលបានរឿងផ្ដេសផ្ដាសឥតប្រយោជន៍ជាច្រើនពីរុស្ស៊ី។ លោក Putin មើលទៅដូចរួសរាយត្រឹមត្រូវណាស់គ្រប់ពេលទាំងអស់ ប៉ុន្តែនោះសុទ្ធតែរឿងគ្មានន័យអ្វីសោះ"។
ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា រូបលោកកំពុងពិចារណាថាតើត្រូវគាំទ្រសេចក្ដីស្នើច្បាប់មួយនៅក្នុងព្រឹទ្ធសភាឬទេ ដែលនឹងដាក់ទណ្ឌកម្មកាន់តែធ្ងន់លើរុស្ស៊ី ជុំវិញសង្គ្រាមដ៏បង្ហូរឈាមច្រើនឆ្នាំមកនេះ។ គួរបញ្ជាក់ថា សំណើច្បាប់ដែលលោក Trump កំពុងសំដៅដល់នោះនឹងដាក់ទណ្ឌកម្មប្រទេសផ្សេងទៀតដែលធ្វើពាណិជ្ជកម្មជាមួយទីក្រុងមូស្គូ ដោយដាក់ពន្ធ ៥០០% លើប្រទេសដែលទិញប្រេង ឧស្ម័ន អ៊ុយរ៉ានីញ៉ូម និងការនាំចេញរបស់រុស្ស៊ី៕


