បេសកជនបរទេសរបស់ប្រធានាធិបតី Donald Trump លោក Steve Witkoff បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា លោកសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា នៅចុងសប្តាហ៍នេះ ស្របពេលក្រុមអ្នកចរចាធ្វើឱ្យមានការវិវឌ្ឍយ៉ាងធំធេង ដែលកំពុងធ្វើការលើបញ្ហានៅសេសសល់។

លោក Trump ក៏បានបន្តជួបគ្នាបន្ថែមទៀតកាលពីថ្ងៃអង្គារសប្ដាហ៍នេះជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានដោយនិយាយថាមេដឹកនាំទាំងពីរត្រូវបានកំណត់ដើម្បីពិភាក្សា ស្ទើរតែទាំងស្រុង អំពីស្ថានភាពនៅហ្កាហ្សា។ ជំនួបនេះគឺជាលើកទីពីររបស់មេដឹកនាំពិភពលោកទាំងពីរក្នុងរយៈពេលជាច្រើនថ្ងៃ ដែលជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
លោក Trump បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា ពួកលោកកំពុងនិយាយអំពីដែនដីហ្កាហ្សា ហើយការពិភាក្សាភាគច្រើនផ្ដោតលើបទឈប់បាញ់ ដែលត្រូវតែដោះស្រាយ។
លោក Witkoff ដែលត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសកាតានៅពេលក្រោយក្នុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ បាននិយាយថា ក្រុមអ្នកចរចាបានធ្វើឱ្យមានការវិវឌ្ឍន៍លើបញ្ហាខ្ទាស់ជាច្រើន។ លោកបាននិយាយថា ចំណាប់ខ្មាំងដែលនៅរស់ចំនួន ១០ នាក់ និងចំណាប់ខ្មាំងដែលបានស្លាប់ ៩ នាក់ត្រូវគេរំពឹងថានឹងត្រូវដោះលែងជាផ្នែកនៃកិច្ចព្រមព្រៀងដែលកំពុងពិភាក្សា។ ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា គណៈប្រតិភូកាតាក៏បានជួបជាមួយក្រុមមន្ត្រីរដ្ឋបាលជាន់ខ្ពស់នៅឯសេតវិមានកាលពីថ្ងៃអង្គារផងដែរ៕

