រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃអង្គារ (០៨ កក្កដា) បាននិយាយថា សហរដ្ឋអាមេរិករកបានប្រាក់ចំណូលពីការដំឡើងពន្ធប្រហែល ១០០ពាន់លានដុល្លារ មកទល់បច្ចុប្បន្ននៅក្នុងឆ្នាំនេះ ហើយតួលេខអាចកើនឡើងដល់ ៣០០ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០២៥ ខណៈការប្រមូលពន្ធបានបង្កើនល្បឿនកាន់តែខ្លាំងពីយុទ្ធនាការពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump។

ថ្លែងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន លោក Bessent បាននិយាយថា ការប្រមូលចំណូលសំខាន់ៗពីពន្ធថ្មីរបស់លោក Trump បានចាប់ផ្តើមតែក្នុងត្រីមាសទី២នៃឆ្នាំនេះប៉ុណ្ណោះ នៅពេលលោក Trump អនុវត្តពន្ធជិត ១០% ជាសកល លើការនាំចូលទៅកាន់សហរដ្ឋអាមេរិក និងបង្កើនពន្ធលើដែកថែប អាលុយមីញ៉ូម និងរថយន្ត។
អ្នកនាំពាក្យក្រសួងរតនាគារបញ្ជាក់ថា គោលដៅ ៣០០ពាន់លានដុល្លារនេះ ត្រូវនឹងចុងប្រតិទិនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មិនមែនចុងបញ្ចប់នៃឆ្នាំសារពើពន្ធរបស់រដ្ឋាភិបាលនៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនោះទេ។ លោក Bessent បន្ថែមថា ការិយាល័យថវិកាសភាបានប៉ាន់ប្រមាណថា ប្រាក់ចំណូលពន្ធនឹងមានចំនួនសរុបប្រហែល ២,៨សែនកោដិដុល្លារ ក្នុងពេល ១០ឆ្នាំខាងមុខ "នៅក្នុងតួលេខមួយដែលប្រធានរតនាគាររូបនេះគិតថាប្រហែលជាទាបជាងជាក់ស្ដែងទៅទៀត"។
គួរឱ្យដឹងថា ការឈានដល់ ៣០០ពាន់លានដុល្លារក្នុងការប្រមូលពន្ធនៅឆ្នាំនេះរបស់អាមេរិក អាចសំដៅលើកំណើនល្បឿនប្រមូលពន្ធកាន់តែច្រើនក្នុងប៉ុន្មានខែខាងមុខ នៅពេលពន្ធបដិការកាន់តែខ្ពស់ចូលជាធរមាន ហើយនិងការកើនឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្រិតបច្ចុប្បន្ន៕

