រង្វាស់នៃតម្លៃរថយន្តប្រើប្រាស់រួច ឬរថយន្តមួយទឹក នៅក្នុងសហរដ្ឋអាមេរិក ដែលធ្លាប់ត្រូវបានលក់ក្នុងតម្លៃលក់ដុំដ៏ទាបដោយសារការព្យាករមុនកំណើនអតិផរណាបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ នាពេលបច្ចុប្បន្ននេះកំពុងហក់ឡើងយ៉ាងគំហុកជាថ្មីម្តងទៀតកាលពីខែមិថុនា ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានក្នុងពេលជិត ៣ឆ្នាំ។

កំណើនកប់ពពកនេះកើតឡើងស្របពេលដែលតម្លៃរថយន្ត និងការលក់ កំពុងបន្តរងផលប៉ះពាល់ខ្លាំង ទាក់ទងនឹងពន្ធរថយន្តខ្ពស់ៗរបស់លោកប្រធានាធិបតី Donald Trump ដែលធ្វើឱ្យទីផ្សាររង្គោះរង្គើ។
សន្ទស្សន៍តម្លៃរថយន្តមួយទឹក Manheim បានកើនឡើង ១,៦% នៅក្នុងខែមិថុនា ពីខែឧសភា លើមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាល និងបានកើនឡើង ៦,៣% ពីឆ្នាំមុន ដែលជាកំណើនដ៏ធំបំផុតធៀបនឹងឆ្នាំកន្លងទៅ ចាប់តាំងពីខែសីហា ឆ្នាំ២០២២មក នេះបើយោងតាមទិន្នន័យចេញផ្សាយក្នុងថ្ងៃអង្គារ (០៨ កក្កដា)។ សន្ទស្សន៍តម្លៃនៅក្នុងកម្រិត ២០៨,៥ពិន្ទុ ហើយមានទំនោរកើនឡើងក្នុងពេលមួយឆ្នាំ ដោយឥឡូវនេះនៅខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៣។
ពន្ធ ២៥% របស់លោក Trump លើរថយន្តនាំចូល បានជំរុញឱ្យការសម្រុកទិញរថយន្តថ្មីក្នុងអំឡុងពេលនិទាឃរដូវដើមឆ្នាំ ខណៈអ្នកប្រើប្រាស់ប្រញាប់ទិញមុនពេលតម្លៃហក់ឡើងខ្ពស់ដែលរំពឹងទុកដោយសារតែពន្ធគយ។ ការសម្រុកលក់ចេញបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែឧសភា ហើយធ្លាក់ចុះម្ដងទៀតក្នុងខែមិថុនា ដែលនាំឱ្យតម្លៃរថយន្តមួយទឹកហក់ឡើងទប់មិនជាប់។
អតិផរណាសរុប មកទល់ពេលនេះ បានផ្គាប់ចិត្តការព្យាកររបស់សេដ្ឋវិទូភាគច្រើន ប៉ុន្តែក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកនៅតែជឿជាក់ថា ប្រភេទនៃការហក់ឡើងនៃតម្លៃនឹងកើតមានឡើង ដែលនាំទៅដល់អតិផរណាខ្ពស់ ហើយស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាការប្រាក់ រហូតដល់ប្រាកដចិត្តថា ហានិភ័យបានកន្លងផុតទៅ៕

