តុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០៨ កក្កដា) បានត្រួសត្រាយផ្លូវសម្រាប់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្នុងការបន្តបញ្ឈប់ការងារទ្រង់ទ្រាយធំក្នុងជួររដ្ឋាភិបាល និងការកាត់បន្ថយយ៉ាងខ្លាំងនៃទីភ្នាក់ងារជាច្រើន ក្នុងសេចក្ដីសម្រេចដ៏ចម្រូងចម្រាសមួយដែលអាចនាំទៅដល់ការបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ ខណៈការកែទម្រង់ការិយាធិបតេយ្យសហព័ន្ធយ៉ាងខ្លាំងកំពុងបន្ត។

សេចក្តីសម្រេចកាលពីថ្ងៃអង្គារនេះ កើតចេញពីក្រឹត្យរបស់លោក Trump ដាក់ចេញក្នុងខែកុម្ភៈ ដែលបញ្ជាឱ្យភ្នាក់ងារទាំងឡាយរៀបចំបញ្ឈប់ការងារទ្រង់ទ្រាយធំ។ តាមការណែនាំរបស់លោក Trump រដ្ឋបាលបានបង្កើតផែនការរំសាយបុគ្គលិកនៅក្រសួងជាច្រើនរបស់អាមេរិក ដូចជាកសិកម្ម ពាណិជ្ជកម្ម សុខាភិបាលនិងសេវាប្រជាជន ការបរទេស រតនាគារ កិច្ចការអតីតយុទ្ធជន និងទីភ្នាក់ងារជាច្រើនទៀត។

នៅក្នុងសេចក្ដីសង្ខេបដីកាដែលមិនបានចុះហត្ថលេខានោះ តុលាការកំពូលបាននិយាយថា រដ្ឋបាលលោក Trump ទំនងជា "ជោគជ័យ" នៅក្នុងអំណះអំណាងរបស់ខ្លួន ដែលថាបទបញ្ជាបញ្ឈប់បុគ្គលិកនេះគឺស្របច្បាប់នៅក្នុងអំណាចប្រធានាធិបតីរបស់លោក។
សេចក្ដីសម្រេចថ្មីនេះគឺជាជ័យជម្នះចុងក្រោយបំផុតសម្រាប់កិច្ចប្រឹងប្រែងដ៏ទូលំទូលាយរបស់លោក Trump ក្នុងការបង្រួមអំណាចក្នុងផ្នែកប្រតិបត្តិ។ តុលាការកំពូលអាមេរិក បានឈរខាងលោក Trump ក្នុងករណីជាច្រើនក្រោមមូលដ្ឋានគ្រាអាសន្ន ចាប់តាំងពីលោកត្រឡប់ចូលកាន់តំណែងក្នុងខែមករាមក រួមទាំងការជម្រះឧបសគ្គសម្រាប់ការអនុវត្តគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងមួយចំនួនផងដែរ៕
