បាល់ទាត់៖ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលបានប្រកាសបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ដណ្ដើមពានរង្វាន់ ៧មករា ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២២)។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡាបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងចាប់ផ្ដើមការប្រកួតជាផ្លូវការពីថ្ងៃទី០៥ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ខាងមុខលើ ២ប្រភេទកីឡារួមមានកីឡាបាល់ទាត់មាន ១៩ក្រុមចូលរួម និងកីឡាប៉េតង់មានក្រុមយុវជន យុវតី និងក្រុមវ័យចាស់ចូលរួមសរុប ២០ក្រុម។

លោកបន្ដថា នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលការិយាល័យជំនាញ នៃខេត្តកណ្ដាលតែងតែរៀបចំឡើងដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រគឺថ្ងៃជ័យជម្នះ ៧មករា។ លោកថា ដោយសារមានថ្ងៃជ័យជម្នះ ៧មករា និងមានសន្ដិភាព ទើបធ្វើឲ្យយុវជនមានឱកាសជួបជុំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពដូចបច្ចុប្បន្ន។ ប្រធានការិយាល័យដដែលបន្ថែមថា ក្រៅពីការប្រកួតអបអរសាទរទិវាជ័យជម្នះ ៧មករា ការប្រកួតនេះក៏ជាឱកាសជ្រើសរើសកីឡាករ-កីឡាការិនីមានសមត្ថភាព និងទេពកោសល្យល្អសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី៣ នាឆ្នាំ២០២២ ក៏ដូចជាជំរុញយុវជន និងប្រជាពលរដ្ឋក្នុងខេត្តឲ្យលេងកីឡា ស្របតាមយុទ្ធនាការជាតិដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» ផងដែរ ៕
អត្ថបទ៖ លី ឈុនឡា