បញ្ជាការប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានឱ្យដឹងថា កងយន្តហោះចម្បាំងរបស់ប៉ូឡូញ និងសម្ព័ន្ធមិត្ត ត្រូវបានដាក់ឱ្យសកម្មនៅព្រឹកថ្ងៃពុធ (០៩ កក្ដដា) នេះដើម្បីធានាសុវត្ថិភាពដែនអាកាសប៉ូឡូញ បន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារសន្ធាប់តាមអាកាសសំដៅទៅលើភាគខាងលិចអ៊ុយក្រែន នៅជិតព្រំដែនជាមួយប៉ូឡូញ។

នៅម៉ោងសកល ០២:១៥នាទី ផ្នែកជាច្រើននៃភាគខាងលិចអ៊ុយក្រែន បានស្ថិតនៅក្រោមការជូនដំណឹងអាសន្នអំពីការវាយឆ្មក់តាមអាកាសអស់ពេលជិត ៣ម៉ោង បន្ទាប់ពីការព្រមានរបស់កងទ័ពអាកាសអ៊ុយក្រែន ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី។
ការវាយប្រហារយានដ្រូននៅពេលយប់របស់រុស្ស៊ី ដោយជារឿយៗក៏មានមីស៊ីលផងដែរ បានក្លាយជារឿងធម្មតាទៅហើយនៅអ៊ុយក្រែន ខណៈប្រទេសនេះស្ថិតក្នុងឆ្នាំទី៤ នៃសង្រ្គាមការពាររបស់ខ្លួន។
មីស៊ីលរបស់រុស្ស៊ី និងអ៊ុយក្រែន ពេលខ្លះបានឆ្លងចូលក្នុងដែនអាកាសប៉ូឡូញ និងសមាជិកណាតូផ្សេងទៀត។ កាលឆ្នាំ២០២២ មនុស្សពីរនាក់ត្រូវបានសម្លាប់នៅភាគខាងកើតប៉ូឡូញ នៅក្នុងអ្វីដែលការិយាល័យរដ្ឋអាជ្ញាប៉ូឡូញនិយាយថា គឺជាមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន S-300 ដែលបាញ់ធ្លាក់ចេញពីផ្លូវហោះហើរ ក្នុងអំឡុងការវាយប្រហាររបស់រុស្ស៊ី៕

