រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នៅថ្ងៃពុធ (០៩ កក្កដា) នេះ បានជំរុញឱ្យគ្រប់ភាគីទាំងអស់នៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលមានជម្លោះនឹងគ្នា ប្រឹងប្រែងបង្កើតបរិយាកាសអំណោយផលសម្រាប់ការបោះឆ្នោតជាតិមួយនាពេលខាងមុខ។

លោក Mohamad លើកឡើងបែបនេះនៅសុន្ទរកថាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅរដ្ឋធានីម៉ាឡេស៊ី។ គេមិនច្បាស់ទេថា តើការលើកឡើងរបស់ប្រមុខការបរទេសរូបនេះ បង្ហាញថាប្រធានអាស៊ានប្ដូរវេនម៉ាឡេស៊ី កំពុងគាំទ្រការបោះឆ្នោតដែលរបបសឹកបានគ្រោងទុកនៅមីយ៉ាន់ម៉ាឬយ៉ាងណា ខណៈខ្លួនធ្លាប់និយាយថា ការបោះឆ្នោតមិនគួរត្រូវបានផ្តល់អាទិភាពមុនពេលមានសន្តិភាពនោះទេ។
គួរឱ្យដឹងថា មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ថា ប្រទេសនេះគ្រោងនឹងរៀបចំការបោះឆ្នោតនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២៥នេះ និងខែមករា ដើមឆ្នាំ២០២៦ ដោយបន្តទៅមុខជាមួយនឹងការបោះឆ្នោតមួយ ដែលក្រុមឃ្លាំមើលអន្តរជាតិបានរិះគន់ថាជាការបោកប្រាស់។
យោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដែលបានបង្កឱ្យមានសង្រ្គាមស៊ីវិលជាច្រើនភាគី ប៉ុន្តែក៏បានផ្សព្វផ្សាយផែនការបោះឆ្នោតរបស់ខ្លួនថាជាផ្លូវទៅកាន់សន្តិភាព៕

