អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារទី៨ ខែកក្កដា ថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងការពន្យារពេលការអនុវត្តការដំឡើងពន្ធសំខាន់ៗលើដៃគូពាណិជ្ជកម្មភាគច្រើន អាចធ្វើឲ្យមានភាពធូរស្រាលមួយចំនួន ប៉ុន្តែការពន្យារពេលនេះ ក៏កំពុងអូសបន្លាយពេលភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលផងដែរ។

ប៉ុន្មានថ្ងៃនៅមុនពេលការផ្អាកការដំឡើងពន្ធរយៈពេល៣ខែ ដែលគេហៅថា«ទិវារំដោះ»របស់លោក ការដំឡើងពន្ធដែលបានផ្អាកត្រូវដល់ពេលផុតកំណត់ ដោយលោកប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងផ្តល់ឱ្យដៃគូពាណិជ្ជកម្មរយៈពេល៣សប្តាហ៍បន្ថែមទៀតដើម្បីមានកិច្ចព្រមព្រៀងក្នុងការបញ្ចៀសការបង់ពន្ធខ្ពស់សម្រាប់ការនាំចេញរបស់ពួកគេ ទៅកាន់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ។

លោកស្រី Pamela Coke-Hamilton នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិគាំទ្រដោយអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ការពន្យារពេលនេះពុំមែនជាព័ត៌មានល្អចាំបាច់នោះទេ។ លោកស្រីនិយាយថា «ខណៈការដំឡើងពន្ធបដិការនឹងលែងមានជាធរមាននៅថ្ងៃស្អែក ដូចដែលត្រូវបានប្រកាសដំបូង ប៉ុន្តែត្រូវបានពន្យារពេលពីរបីសប្តាហ៍ទៀតរហូតដល់ដើមខែសីហា ចំណាត់ការនេះពិតជាបន្ថែមរយៈពេលនៃភាពមិនប្រាកដប្រជា»។
នោះ ប្រែក្លាយជាហានិភ័យ «ធ្វើឲ្យអន្តរាយដល់ការវិនិយោគរយៈពេលវែង កិច្ចសន្យាអាជីវកម្ម បង្កើតភាពមិនច្បាស់លាស់ និងអស្ថិរភាពបន្ថែមទៀត»។