ហែលទឹក៖ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នឹងត្រូវរៀបចំនៅមណ្ឌលកីឡាហែលទឹកបាត់ដំបង ស្ថិតនៅសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីប្រចាំឆ្នាំផង ពិសេសក៏ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាងហែលទឹកកម្រិតស្តង់ដារអន្តរជាតិផងដែរ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខ។ ចំពោះគោលដៅនៃការរៀបចំការប្រកួតនៅក្នុងមណ្ឌលកីឡាហែលទឹកថ្មីនេះ គឺជាការតេស្ដសាកល្បងគុណភាពអាងហែលទឹកដែលទើបនឹងសាងសង់រួច សម្រាប់ការប្រកួតផង និងសម្រាប់ការហ្វឹកហាត់ផង។ លោកថា មណ្ឌលកីឡាហែលទឹកបាត់ដំបងបានសាងសង់ឡើង ស្របតាមផែនការមេរបស់សហព័ន្ធក្នុងទិសដៅពង្រឹងការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីថ្នាលរហូតដល់ក្រុមធំ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិក៏ដូចជាស៊ីហ្គេមឆ្នាំ២០២៣ នៅងកម្ពុជា។
អាងហែលទឹកថ្មីនេះបានចំណាយថវិកាសាងសង់អស់ប្រមាណ ២លានដុល្លារដែលអាចរៀបចំការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ ចំពោះវិញ្ញាសាប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នេះ សហព័ន្ធបានកំណត់ជា ៣ផ្នែកធំៗ ទី១-វិញ្ញាសាបុរសចាប់ពីអាយុ ១២ឆ្នាំឡើងមាន ១២វិញ្ញាសា, ផ្នែកនារីអាយុចាប់ពី ១០ឆ្នាំឡើងទៅមាន ១១វិញ្ញាសា និងផ្នែកជនពិការមាន ២វិញ្ញាសា៕
អត្ថបទ៖ លី ឈុនឡា