នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃពុធ (០៩ កក្កដា) នេះ បានជំរុញឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ "ធ្វើសកម្មភាពប្រកបដោយគោលបំណង" និងបង្កើនពាណិជ្ជកម្មរវាងគ្នានឹងគ្នា ដើម្បីតតាំងនឹងភាពមិនប្រាកដប្រជាជាសកល ខណៈបណ្ដារដ្ឋមន្ត្រីការបរទេសក្នុងតំបន់អាស៊ាន បានជួបប្រជុំគ្នា ស្របពេលមានភាពចលាចលជាថ្មីជុំវិញពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

ថ្លែងទៅកាន់បណ្ដារដ្ឋមន្ត្រីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក១០ប្រទេស លោក Anwar បានពិពណ៌នាការដំឡើងពន្ធគយ ការរឹតបន្តឹងការនាំចេញ និងរបាំងវិនិយោគថាជា "ឧបករណ៍ដ៏មុតស្រួចនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ"។ លោកពុំបានលើកឈ្មោះសហរដ្ឋអាមេរិក ជាពិសេសនោះទេ។
គួរឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសពីការយកពន្ធដ៏ច្រើនចន្លោះពី ២៥% ទៅ ៤០% ទៅលើប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ ទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នាដោយប្រទេសមួយចំនួនដើម្បីផ្តល់សម្បទានទូលំទូលាយ និងចរចាអត្រាទាបជាងនេះក៏ដោយ។
ប្លុកអាស៊ាន ដែលពឹងផ្អែកលើការនាំចេញ គឺជាបណ្ដុំសេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភពលោក ដោយមានសមាជិកមួយចំនួនទទួលបានអត្ថប្រយោជន៍ជាច្រើនលើបណ្ដាញផ្គត់ផ្គង់ពីប្រទេសចិន។ មានតែវៀតណាមប៉ុណ្ណោះ ដែលបានធានាកិច្ចព្រមព្រៀងបន្ទាបការយកពន្ធមកត្រឹម ២០% ពីអត្រា ៤៦% ដំបូងរបស់សហរដ្ឋអាមេរិក៕

