ការប្រឈមមុខដាក់គ្នា បានផ្ទុះឡើងរវាងអ្នកភូមិប៉ាឡេស្ទីន និងអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលនៅជិតភូមិ Sa'ir តំបន់ West Bank កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា។ វីដេអូបង្ហាញពីអ្នកតាំងលំនៅពាក់ម៉ាស់ ប្រដាប់ដោយដំបង ហើយពលរដ្ឋប៉ាឡេស្ទីនបានគប់ដុំថ្ម។

អ្នកតាំងលំនៅអ៊ីស្រាអែលប្រហែល ៧០០.០០០នាក់ រស់នៅក្នុងចំណោមពលរដ្ឋប៉ាឡេស្ទីន ២,៧លាននាក់នៅតំបន់ West Bank និងហ្ស៊េរុយសាឡឹមខាងកើត ជាទឹកដីដែលអ៊ីស្រាអែលដណ្តើមយកពីប្រទេសហ្ស៊កដានី ក្នុងសង្រ្គាមឆ្នាំ១៩៦៧។ ក្រោយមក អ៊ីស្រាអែលបានដាក់បញ្ចូលឧបសម្ព័ន្ធទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជាចំណាត់ការមួយដែលពុំត្រូវបានទទួលស្គាល់ដោយប្រទេសភាគច្រើន ប៉ុន្តែមិនបានពង្រីកអធិបតេយ្យភាពជាផ្លូវការលើតំបន់ West Bank ឡើយ។
សកម្មភាពតាំងទីលំនៅនៅតំបន់ West Bank បានពន្លឿនយ៉ាងខ្លាំង ចាប់តាំងពីការផ្ទុះឡើងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ អ៊ីស្រាអែល ក៏បានបង្កើនប្រតិបត្តិការយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ West Bank ហើយការវាយប្រហារដោយក្រុមអ្នកតាំងលំនៅ ទៅលើប្រជាជនប៉ាឡេស្ទីន ក៏បានកើនឡើង។

