វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួននឹងត្រូវការពេលវេលាដើម្បីបញ្ជាក់ថាតើអាវុធប្រភេទណាដែលសហរដ្ឋអាមេរិកកំពុងផ្គត់ផ្គង់ដល់អ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ទីក្រុង Kyiv ។

លោកTrump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងបញ្ជូនសព្វាវុធបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាអាវុធការពារជាចម្បង ដើម្បីជួយប្រទេសកំពុងហែកហួរដោយសង្រ្គាមមួយនេះ ការពារខ្លួនប្រឆាំងនឹងវឌ្ឍនភាពកាន់តែខ្លាំងរបស់រុស្ស៊ី។
នៅពេលសួរអំពីសុន្ទរកថារបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មានសេចក្តីថ្លែងការណ៍ផ្ទុយគ្នាជាច្រើនអំពីការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ទោះបីជាគេដឹងច្បាស់ណាស់ថា អឺរ៉ុបនៅតែកំពុងបន្តផ្ដល់អាវុធឲ្យអ៊ុយក្រែនក៏ដោយ។
លោក Peskov បាននិយាយថា ជាក់ស្តែងការផ្គត់ផ្គង់កំពុងបន្ត។អឺរ៉ុបបានចូលរួមយ៉ាងសកម្មក្នុងការសម្រុកបញ្ជូនគ្រឿងសព្វាវុធដល់អ៊ុយក្រែនពេញទំហឹង។
លោកបានបន្ថែមថា នៅតែត្រូវការពេលវេលាដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់អំពីរឿងនេះថាតើ ការផ្គត់ផ្គង់ប្រភេទណា និងក្នុងបរិមាណណា ដែលអ៊ុយក្រែនបន្តទទួលបានពីសហរដ្ឋអាមេរិកនោះ៕

