ក្រុមតស៊ូមតិអ្នកទោសប៉ាឡេស្ទីន បានរាយការណ៍កាលពីថ្ងៃអង្គារថា ជនជាតិប៉ាឡេស្ទីនជាង ១០.000 នាក់ កំពុងត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ដែលជាចំនួនអ្នកទោសខ្ពស់បំផុត ចាប់តាំងពីការបះបោរលើកទី២ របស់ប្រជាជនប៉ាឡេស្ទីនប្រឆាំងអ៊ីស្រាអែល ក្នុងឆ្នាំ ២០០០។

គិតត្រឹមដើមខែកក្កដា អ្នកទោសប្រហែល ១០.៨០០នាក់ ត្រូវបានគេនិយាយថា ត្រូវបានឃុំខ្លួន នៅក្នុងមជ្ឈមណ្ឌលឃុំឃាំង និងពន្ធនាគាររបស់អ៊ីស្រាអែល រួមទាំងស្ត្រីចំនួន ៥០នាក់ ដែលក្នុងនោះមានពីរនាក់មកពីតំបន់ហ្កាហ្សាស្ទ្រីប និងកុមារជាង ៤៥០នាក់។ តួលេខនេះ មិនរាប់បញ្ចូលបុគ្គលដែលត្រូវបានឃុំខ្លួននៅក្នុងជំរុំយោធាអ៊ីស្រាអែលដូចជា Sde Teiman ដែលជាកន្លែងដែលមនុស្សជាច្រើនមកពីតំបន់ហ្កាហ្សាត្រូវបានគេជឿថា ត្រូវបានឃុំខ្លួន និងទទួលរងការធ្វើទារុណកម្ម។

បច្ចុប្បន្ននេះ ជនជាតិប៉ាឡេស្ទីនសរុបចំនួន ៣.៦២៩នាក់ កំពុងត្រូវបានឃុំខ្លួន ក្រោមការឃុំឃាំងរដ្ឋបាល ជាការអនុវត្តមួយដែលអនុញ្ញាតឲ្យអាជ្ញាធរអ៊ីស្រាអែលឃុំខ្លួនបុគ្គល នៅក្នុងពន្ធនាគារ ដោយគ្មានការកាត់ទោស រយៈពេល ៦ខែ ដែលត្រូវបន្តការឃុំខ្លួនពួកគេតទៅទៀតដោយគ្មានកំណត់ពេលវេលា។
អ្នកជាប់ឃុំចំនួន ២.៤៥៤ នាក់ផ្សេងទៀត ត្រូវបានចាត់ទុកថា ជា «យុទ្ធជនខុសច្បាប់» រួមទាំងជនជាតិប៉ាឡេស្ទីន និងអារ៉ាប់មកពីប្រទេសលីបង់ និងស៊ីរី។
ចាប់តាំងពីអ៊ីស្រាអែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប តំបន់វេសបែង ( West Bank) និង ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត( East Jerusalem) ក្នុងឆ្នាំ១៩៦៧មក ជនជាតិប៉ាឡេស្ទីនជាង ៨០០.000នាក់ បានជាប់ពន្ធនាគារ របស់អ៊ីស្រាអែល។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៣។