លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានលើកឡើងកាលពីថ្ងៃអង្គារថា ប្រទេសបារាំង និងអង់គ្លេស ត្រូវតែធ្វើការរួមគ្នា ដើម្បីការពារ «សណ្តាប់ធ្នាប់អន្តរជាតិ» ក្រោយសង្គ្រាមលោកលើកទី ២ នៅពេលដែលលោក បានថ្លែងទៅកាន់សភា នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅចក្រភពអង់គ្លេស។

ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រមុខរដ្ឋសហភាពអឺរ៉ុប(EU) ចាប់តាំងពីអង់គ្លេសចាកចេញពីEU (Brexit) លោក ម៉ាក្រុង បាននិយាយនៅក្នុងសុន្ទរកថាដ៏វែងមួយថា ប្រទេសទាំងពីរ ត្រូវតែបន្តសម្ព័ន្ធភាព ដែលមានអាយុកាលមួយសតវត្សរ៍របស់ពួកគេឡើងវិញ ដើម្បីទប់ទល់នឹងការគំរាមកំហែងជាច្រើន។

ដោយថ្លែងជាភាសាអង់គ្លេស លោក ម៉ាក្រុង បានប្រាប់សមាជិកសភាអង់គ្លេស ៖«ក្នុងនាមជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះពហុភាគីនិយម ចក្រភពអង់គ្លេស និងបារាំងត្រូវតែបង្ហាញពិភពលោកជាថ្មីថា សម្ព័ន្ធភាពរបស់យើង អាចធ្វើឲ្យមានភាពខុសគ្នាទាំងអស់»។
លោកបានបន្ថែមថា៖«ជាការច្បាស់ណាស់ យើងត្រូវធ្វើការជាមួយគ្នា...ដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិ ដូចដែលយើងបានតស៊ូ (ដើម្បី) សណ្តាប់ធ្នាប់នេះ បន្ទាប់ពីសង្គ្រាមលោកលើកទី ២។
ដោយផ្តោតលើបញ្ហាស្មុកស្មាញផ្សេងៗ ចាប់ពីជម្លោះជាសាកល រហូតដល់ការធ្វើទេសន្តរប្រវេសន៍មិនទៀងទាត់ឆ្លងទន្លេ Channel លោកបានទទូចថា បណ្តាប្រទេសនៅអឺរ៉ុប នឹង«មិនបោះបង់ចោលអ៊ុយ ក្រែន» នៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី ខណៈពេលដែលទាមទារបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ នៅតំបន់ហ្កាហ្សា។