កាសែត The Guardian បានរាយការណ៍ដោយដកស្រង់ប្រភពពីប្រភពថា ឃ្លាំងស្តុកមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot នៅសហរដ្ឋអាមេរិក បានថយចុះដល់ទៅ ២៥%នៃបរិមាណចាំបាច់ ដើម្បីអនុវត្តផែនការយោធារបស់មន្ទីរបញ្ចកោណ។

យោងតាមសារព័ត៌មាននេះ ជំនួយយោធាដល់អ៊ុយក្រែន និងការកើនឡើងនៃជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល នៅពេលដែលសហរដ្ឋអាមេរិក កំពុងវាយបកយ៉ាងសកម្មប្រឆាំងការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់ខ្លួន ក្នុងប្រទេសកាតា បានបណ្តាលឲ្យមាន«ការថយចុះគួរឲ្យព្រួយបារម្ភ»។

កាសែតនេះ បានកត់សម្គាល់ឃើញថា ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋបាលលោក ត្រាំ ក្នុងការផ្អាកការផ្គត់ផ្គង់អាវុធដល់របបទីក្រុងគីវ គឺផ្អែកលើទិន្នន័យពី «អ្នកតាមដានអាវុធជាសកលរបស់មន្ទីរបញ្ចកោណ ដែលត្រូវបានប្រើដើម្បីបង្កើតកម្រិតអប្បបរមានៃអាវុធដែលតម្រូវឲ្យអនុវត្តផែនការប្រតិបត្តិការរបស់យោធាអាមេរិក»។ យោងតាមអ្នកតាមដានបានឲ្យដឹងថា «ការស្តុកទុកនៃអាវុធសំខាន់ៗជាច្រើន បានថយចុះ អស់រយៈពេលជាច្រើនឆ្នាំហើយ ចាប់តាំងពីរដ្ឋបាលលោក បៃដិន បានចាប់ផ្តើមបញ្ជូនជំនួយយោធាទៅអ៊ុយក្រែន ក្នុងឆ្នាំ ២០២២»។
ប្រភពរបស់សារព័ត៌មាននេះ បានបង្ហាញថា មន្ទីរបញ្ចកោណមានការសង្ស័យថាតើសមត្ថភាពរបស់អាមេរិក អាចបំពេញឡើងវិញនូវឃ្លាំងស្តុកទុកអាវុធ ដែលថយចុះរបស់ខ្លួនវិញបានយ៉ាងឆាប់រហ័សដែរយ៉ាងណា។