ជិតពាក់កណ្តាលអធ្រាត្រទៅហើយ នៅពេលដែលអ្នកបើកបររថយន្តដឹកទំនិញ ដែលកំពុងសម្រាកក្នុង កាប៊ីនរបស់ខ្លួន បានឮសំឡេងផ្ទុះឆេះ នៅក្នុងឃ្លាំងមួយ នៅភាគខាងកើតទីក្រុងឡុងដ៍ ដែលផ្ទុកគ្រឿងយុទ្ធោបករណ៍សម្រាប់ប្រទេសអ៊ុយក្រែន។

លោកបានយកបំពង់ពន្លត់អគ្គិភ័យមួយ ហើយលោតចេញពី រថយន្ត ប៉ុន្តែបានមើលឃើញថា ភ្លើងនោះឆេះទ្រង់ទ្រាយធំពេក ហើយក៏ដកខ្លួនថយទៅវិញ។នៅពេលនគរបាលទៅដល់ ពួកគេបានគោះទ្វារអគារផ្ទះល្វែងក្បែរនោះ ដោយស្រែកប្រាប់ឲ្យអ្នកស្រុកជម្លៀសចេញជាបន្ទាន់។ ឪពុកម្តាយបានចាប់ដឹកដៃកូនរបស់ពួកគេ ហើយរត់ឡើងទៅតាមផ្លូវ។

រយៈពេលប្រហែល ៣០នាទី បន្ទាប់ពីភ្លើង បានចាប់ផ្តើមឆេះ លោក Dylan Earl ដែលជាបុរសជនជាតិអង់គ្លេស ដែលបានទទួលស្គាល់ថា ជាអ្នករៀបចំការដុតនោះ បានទទួលសារពីបុរសម្នាក់ដែលអាជ្ញាធរចក្រភពអង់គ្លេសនិយាយថា ជាអ្នករៀបចំផែនការជនជាតិរុស្ស៊ី។
សារដែលសរសេរជាភាសារុស្ស៊ីនោះ គឺមានន័យថា«អស្ចារ្យណាស់»។
កាលពីថ្ងៃអង្គារ តុលាការអង់គ្លេស បានរកឃើញបុរសបីនាក់ មានពិរុទ្ធពីបទដុតបំផ្លាញ នៅក្នុងផែនការខែមីនា ឆ្នាំ ២០២៤ ដែលរដ្ឋអាជ្ញាបាននិយាយថា ត្រូវបានរៀបចំចាត់ចែង ដោយសេវាស៊ើបការណ៍សម្ងាត់ របសរុស្ស៊ី ដែលជាផ្នែកនៃយុទ្ធនាការនៃការរំខាននៅទូទាំងទ្វីបអឺរ៉ុប ដែលមន្ត្រីលោកខាងលិច បានស្តីបន្ទោសលើទីក្រុងមូស្គូ និងភ្នាក់ងាររបស់ខ្លួន។ បុរសពីរនាក់ផ្សេងទៀតរួមទាំងលោក Dylan Earl ពីមុនធ្លាប់បានសារភាពទទួលកំហុសក្នុងការរៀបចំការដុតបំផ្លាញនោះ។