គណៈកម្មាធិការសិទ្ធិមនុស្សដែលផ្តល់មូលនិធិដោយរដ្ឋ បាននិយាយកាលពីថ្ងៃអង្គារ (០៨ កក្កដា) ថា ចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចនៅបាតុកម្មដ៏ហិង្សារបស់ប្រទេសកេនយ៉ា នៅថ្ងៃចន្ទសប្ដាហ៍នេះ បានកើនឡើងដល់ ៣១នាក់ហើយ។ នេះជាចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុត ចាប់តាំងពីបាតុកម្មបានចាប់ផ្តើមនៅដើមឆ្នាំនេះ។ មនុស្សជាង ៥០នាក់ ផ្សេងទៀតត្រូវរាយការណ៍ថាបានស្លាប់ក្នុងពេលពីរសប្តាហ៍កន្លងមក។

ក្រុមសិទ្ធិមនុស្សបន្តថា មនុស្សជាង ១០០នាក់ទៀតបានរងរបួស និងលើសពី ៥០០នាក់ត្រូវបានចាប់ខ្លួន ស្របពេលមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់ទ្រព្យសម្បត្តិ រួមទាំងផ្សារទំនើបផងដែរ។ សាក្សីរបស់សារព័ត៌មានរ៉យទ័របានរាយការណ៍ពីទិដ្ឋភាពតវ៉ាដ៏ហិង្សា ដោយការប៉ះទង្គិច រុញច្រាន គប់វត្ថុដាក់គ្នា ការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់រះរបស់នគរបាលលើបាតុករ។
ការតវ៉ាជាច្រើនត្រូវបានដឹកនាំដោយក្រុមយុវជន និងសង្គមស៊ីវិល ហើយបានធ្វើឱ្យកក្រើកប្រទេសកេនយ៉ា អស់ជាច្រើនសប្តាហ៍មកហើយ។ ជំរុញដោយកំហឹងចំពោះអំពើឃោរឃៅរបស់នគរបាល ការចោទប្រកាន់ពីអំពើពុករលួយរបស់រដ្ឋាភិបាល និងថ្លៃចំណាយប្រចាំថ្ងៃកាន់តែខ្ពស់ ក្រុមបាតុករជាច្រើនបានអំពាវនាវឱ្យលោកប្រធានាធិបតីកេនយ៉ា William Ruto ចុះចេញពីតំណែង៕

