ចំហេះព្រៃដ៏សន្ធោសន្ធៅបានរាលដាលដល់ជាយក្រុង Marseille ធំបំផុតទីពីររបស់ប្រទេសបារាំង នៅថ្ងៃអង្គារ (០៨ កក្កដា) ខណៈខ្យល់បក់ខ្លាំងបានបង្កើនកម្លាំងអណ្តាតភ្លើង ដែលធ្វើឱ្យចំហេះរំកិលទៅមុខយ៉ាងលឿន។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ១០០នាក់បានរងរបួសនៅក្នុងចំហេះព្រៃដ៏កំណាចទីក្រុងភាគខាងត្បូងរបស់បារាំងមួយនេះ។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Bruno Retailleau បាននិយាយថា ក្រុមពន្លត់អគ្គិភ័យប្រហែល ៨០០នាក់កំពុងនៅកន្លែងកើតហេតុ ហើយនឹងធ្វើការ "ពេញមួយយប់" យ៉ាងស្វិតស្វាញដើម្បីទប់ស្កាត់ចំហេះ ខណៈពុំមានការស្លាប់ត្រូវបានរាយការណ៍នោះទេគិតត្រឹមល្ងាចថ្ងៃអង្គារដដែលនេះ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងរាយការណ៍ថា មនុស្សយ៉ាងតិច ៤០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែង ហើយនេះរួមបញ្ចូលទាំងអ្នកស្រុកជាង ៧០នាក់ នៃមណ្ឌលចាស់ជរានៅតំបន់ Pennes-Mirabeau។ អាជ្ញាធរព្រមានប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ និងមិនត្រូវជម្លៀសចេញទេ លុះត្រាតែពួកគេទទួលបានការណែនាំ ដូច្នេះទើបផ្លូវថ្នល់ស្រឡះល្អសម្រាប់រថយន្តសង្គ្រោះបន្ទាន់។
ជើងហោះហើរទៅ និងមកពីក្រុង Marseille ត្រូវបានផ្អាកកាលពីថ្ងៃអង្គារ ហើយចរាចរណ៍នៅស្ថានីយ៍សំខាន់របស់ទីក្រុងត្រូវបានរំខានដោយសារតែចំហេះព្រៃ ខណៈផ្នែកនៃផ្លូវធំចំនួនពីរក៏ត្រូវបានបិទធ្វើចរាចរណ៍ផងដែរ៕

