លំនៅឋានជាច្រើនខ្នងដែលបាក់រលំ និងផ្លូវដែលត្រូវបានបិទ ស្ថិតក្នុងចំណោមអ្វីៗដែលត្រូវបានបំផ្លាញ បណ្តាលមកពីការរញ្ជួយដីជាបន្តបន្ទាប់នៅប្រទេសហ្គាតេម៉ាឡា កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា ខណៈ អាជ្ញាធរបានបញ្ជាក់ថា គ្មានអ្នកស្លាប់និងរងរបួសទេ។
លោកប្រធានាធិបតី Bernardo Arevalo បាននិយាយថា នៅពេលរសៀល ការរញ្ជួយដីកម្រិត ៥,២រិចទ័រ បានអង្រួនភាគខាងត្បូងប្រទេសហ្គាតេម៉ាឡា មានចម្ងាយប្រហែល៦០គីឡូម៉ែត្រ ពីរដ្ឋធានីហ្គាតេម៉ាឡា ។
លោក Arevalo និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការបំផ្លាញភាគច្រើនមានស្ថានភាពមិនធ្ងន់ធ្ងរខ្លាំងនោះទេដោយលំនៅឋានមួយចំនួនបានបាក់ស្រុត ហើយបំណាក់ដីបានបិទផ្លូវច្រើនកន្លែង។ នៅទីក្រុង Santa Maria de Jesus ចម្ងាយប្រហែល៤៩គីឡូម៉ែត្រពីរដ្ឋធានី វីដេអូបានបង្ហាញពីអគារដែលរងការខូចខាត និងដើមឈើបាក់រលំ។

លោកប្រធានាធិបតីបាននិយាយបន្ថែមថា មនុស្សយ៉ាងហោចណាស់ពីរនាក់ដែលបានជាប់គាំងខ្លួន ត្រូវបានជួយសង្គ្រោះ ហើយប្រតិបត្តិការកំពុងដំណើរការដើម្បីរំដោះមនុស្សបីនាក់ផ្សេងទៀតដែលនៅជាប់ខ្លួន។ អ្នកសម្របសម្រួលជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ (CONRED) បានប្រកាសពីការផ្អាកសាលារៀន និងសកម្មភាពនៅក្នុងស្ថាប័នរដ្ឋនៅថ្ងៃពុធ ទី៩ ខែកក្កដានេះ នៅក្នុងតំបន់ចំនួន៣ ខណៈ ក្រុមការងារនឹងវាយតម្លៃពីការខូចខាតនៅក្នុងតំបន់ទាំងនេះ។
