អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា ថា សភារបស់ប្រទេសប៉េរូ កំពុង «ធ្វើឲ្យចុះខ្សោយ»យ៉ាងខ្លាំងចំពោះស្វ័យភាពរបស់ចៅក្រម និងរដ្ឋអាជ្ញា ក្នុងការប្រឈមទៅនឹងឧក្រិដ្ឋកម្មរៀបចំទុក ដោយការសម្លាប់មនុស្សក្នុងចំនួនច្រើន ដែលបានក្លាយជាក្តីបារម្ភធំបំផុតរបស់ប្រទេសនេះ។
អង្គការសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte «ឧស្សាហ៍បើកឱកាសឲ្យមានសម្រាប់របៀបវារៈនេះ» តាមរយៈសភា ហើយព្យាយាមប្រកាសរដ្ឋក្នុងគ្រាអាសន្ន ដោយផ្អាកសិទ្ធិរដ្ឋធម្មនុញ្ញ ដែលជាយុទ្ធសាស្ត្រសន្តិសុខចម្បងរបស់លោកស្រី។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២៤ មនុស្សឃាតបានកើនឡើង១៣៧% ដោយបានដកស្រង់ទិន្នន័យរបស់នគរបាលតំបន់។ ហើយជាងពាក់កណ្តាលនៃឃាតកម្មកាលពីឆ្នាំមុន ត្រូវបានប្រព្រឹត្តដោយឃាតករស៊ីឈ្នួល ខណៈរបាយការណ៍នៃការជំរិតទារប្រាក់ ជាពិសេសនៅក្នុងតំបន់ទីក្រុង ឈានដល់កម្រិតប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២៣។
ប្រជាប្រិយភាពរបស់ លោកស្រី Boluarte ដែលឡើងកាន់តំណែងនៅចុងឆ្នាំ ២០២២ បន្ទាប់ពីការចាប់ខ្លួន និងបណ្តេញចេញពីតំណែងអតីតប្រធានាធិបតី លោក Pedro Castillo បានធ្លាក់ចុះដល់កម្រិតប្រវត្តិសាស្ត្រប្រហែល ២% និង៤% នេះបើយោងតាមការស្ទង់មតិ ដោយសារតែការច្រានចោលរបស់ប្រជាជនប៉េរូ ចំពោះគោលនយោបាយប្រឆាំងអសន្តិសុខនិងអំពើពុករលួយ ប៉ុន្តែលោកស្រី Boluarte បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះ។
