នគរបាលអាល្លឺម៉ង់នៅព្រឹកថ្ងៃពុធនេះ បានចាប់ខ្លួនបុរសបូស្នៀវ័យក្មេងម្នាក់ ហើយបានធ្វើការស្រាវជ្រាវ ជាច្រើនកន្លែង នៅភាគខាងលិចនៃប្រទេសនេះ ដើម្បីស៊ើបអង្កេតលើការផ្តល់ហិរញ្ញប្បទានដល់ការវាយប្រហារភេរវកម្មឥស្លាមនិយម។
នគរបាលក្នុងតំបន់ និងការិយាល័យរដ្ឋអាជ្ញាសាធារណៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យអាយុ ២៧ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការមួយនៅព្រឹកព្រលឹម ដោយអង្គភាពនគរបាលជំនាញ នៅក្នុងតំបន់ Essen និង Dortmund។

ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារ ដែលបានគ្រោងទុក រួមទាំងទីកន្លែង ឬរបៀបដែលការវាយប្រហារនោះ ត្រូវបានធ្វើឡើងនោះទេ ប៉ុន្តែបាននិយាយថា ការស៊ើបអង្កេត កំពុងបន្ត។
យោងតាមសារព័ត៌មាន Bild របស់អាល្លឺម៉ង់ ជនសង្ស័យនេះ បានទទួលការបណ្តុះបណ្តាលយោធា។
ការស្រាវជ្រាវាជាច្រើន ត្រូវបានធ្វើឡើងនៅក្នុងតំបន់នេះ គឺនៅតាមផ្ទះរបស់ប្រជាជនមួយចំនួន ដែលបច្ចុប្បន្ន ត្រូវបានគេចាត់ទុកជាសាក្សី។
