ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Olha Stefanishyna បាននិយាយថា ការចរចា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប (EU) របស់ប្រទេសអ៊ុយក្រែន អាចចាប់ផ្តើមដោយគ្មានការគាំទ្រពីហុងគ្រី ព្រោះត្រូវការប្រទេសសមាជិកត្រឹមតែចំនួន ២៦ ប៉ុណ្ណោះ ដើម្បីបើកការចរចា មិនមែនទាំង ២៧ប្រទេសនោះឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fakty ICTV ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Interfax-Ukraine កាលពីថ្ងៃអង្គារ (ទី៨ ខែកក្កដា) លោកស្រី Stefanishyna បានប្រាប់ថា៖ «ឥឡូវនេះយើងដឹងយ៉ាងច្បាស់ថា ការបើកការចរចាមិនតម្រូវឲ្យមានការព្រមព្រៀងជាឯកច្ឆន្ទពីរដ្ឋសមាជិកទាំង ២៧ នោះឡើយ។ ការតម្រូវវបែបនោះធ្លាប់ត្រូវបានអនុវត្តប៉ុន្មានឆ្នាំមុន ប៉ុន្តែមិនមានឯកសារមូលដ្ឋានណាមួយរបស់ EU បច្ចុប្បន្នផ្តល់ការយល់ព្រមជាឯកច្ឆន្ទ សម្រាប់ការសម្រេចនេះទេ»។
លោកស្រីបានបញ្ជាក់ថា រដ្ឋជាសមាជិកចំនួន ២៦ គឺគ្រប់គ្រាន់ហើយ ដើម្បីចាប់ផ្តើមដំណើរការនេះ ទោះបីជាមិនមានការបោះឆ្នោតរបស់ហុងគ្រីក៏ដោយ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិងកំពុងធ្វើយុទ្ធនាការយ៉ាងម៉ឺងម៉ាត់ ដើម្បីរារាំងអ៊ុយក្រែន មិនឲ្យបានចូលរួមជាមួយ EU ដោយលើកហេតុផលថា ប្លុកមិនអាចយល់ព្រមទទួលយកប្រទេសដ៏ធំបែបនេះបានទេ។ ហើយលោក Orban បានលើកឡើងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងធ្វើឲ្យរុស្ស៊ីមានការវាយប្រហារយោធាលើអឺរ៉ុប៕
