សភាអ៊ឺរ៉ុបបានបោះឆ្នោតគាំទ្រក្នុងសំឡេងដ៏ច្រើនលើសលប់ ចំពោះសំណើរបស់ប៊ុលហ្គារី ក្នុងការចូលរួមជាមួយតំបន់ចាយប្រាក់អឺរ៉ូ ដោយបើកផ្លូវឲ្យប្រទេសនេះក្លាយជាសមាជិកទី២១ នៃប្លុកនេះ ដែលជ្រើសរើសប្រើប្រាស់រូបិយប័ណ្ណនេះ។
កាលពីថ្ងៃអង្គារ (ទី៨ ខែកក្កដា) សមាជិកសភាចំនួន ៥៣១នាក់ បានបោះឆ្នោតគាំទ្ររបាយការណ៍មួយដែលបញ្ជាក់ថា ប្រទេសអឺរ៉ុបខាងកើតមួយនេះបំពេញតាមតម្រូវការចាំបាច់ទាំងអស់ ដើម្បីទទួលយកការប្រើប្រាស់ប្រាក់អឺរ៉ូ។ ជារួម មាន ៦៩សំឡេងបោះឆ្នោតប្រឆាំងនឹងសំណើនេះ ហើយ ៧៩សំឡេងអនុបវាទ។

អ្នករាយការណ៍ លោកស្រី Eva Maydell បានលើកឡើងថា «ការបោះឆ្នោតថ្ងៃនេះ ផ្ញើសារយ៉ាងច្បាស់លាស់ថា ប៊ុលហ្គារី ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយតំបន់ចាយប្រាក់អឺរ៉ូ»។ លោកស្រីបានបន្ថែមថា៖ «លក្ខណៈវិនិច្ឆ័យទាំងអស់ត្រូវបានបំពេញ ហើយនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើសមាហរណកម្មអឺរ៉ុបពេញលេញរបស់ប៊ុលហ្គារី ពោលគឺទាំងសម្រាប់ប្រទេស និងសម្រាប់ប្រជាពលរដ្ឋរបស់ប្រទេសនេះ»។
យ៉ាងណាក្ដី ការសម្រេចនេះក៏ត្រូវតែត្រូវបានអនុម័តដោយរដ្ឋជាសមាជិកទាំងឡាយ មុនពេលប៊ុលហ្គារីអាចចាប់ផ្តើមប្រើប្រាស់ប្រាក់អឺរ៉ូ ក្នុងខែមករា ឆ្នាំ២០២៦៕
