ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់មន្ត្រីពាក់ព័ន្ធថា សម្តេចមិនអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលសុទ្ធតែនាំចូលពីក្រៅប្រទេសមកនោះ ព្យាបាលនៅផ្ទះនោះទេ។
ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុងSanta Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥មករានេះ សម្ដេច បានបញ្ជាក់ថា ពិតហើយសព្វថ្ងៃនេះអ្នកជម្ងឺនៅ សល់តិចទេ ហើយបើអ្នកជំងឺនៅក្នុងអាយស៊ីយូនៅសល់តែចំនួន ១២៦ នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស ដូច្នេះចំនួននេះមិនច្រើនឡើយ។
សម្តេចបន្តថា ទោះជាយ៉ាងណា យើងក៏ត្រូវបម្រុងទុកនូវទីតាំងសម្រាប់ព្យាបាល នៅពហុកីឡាដ្ឋានជាតិអូឡាពិច ខណៈដែលយើងបានសងទីតាំងដែលបានខ្ចីពីវិស័យឯកជននានាទៅវិញហើយនោះ ។
សម្តេចបន្តទៀតថា៖ ពិតមែនហើយយើងមានមន្ទីរពេទ្យល្លួងម៉ែដែលនៅសល់អ្នកជំងឺប្រហែលប៉ុន្មានសិបនាក់ទៀត ប៉ុន្តែយើងមិនអាចធ្វេសប្រហែសបានោឡើយ ក្នុងករណីដែលវារីករាលដាលភ្លាមៗ ឬមិនអនុញ្ញាតឲ្យមានអ្នកដេកនៅតាមផ្លូវហើយខ្វះកន្លែងព្យាបាលនោះទេ។យើងបានដើរមុនមួយជំហានជាប់ជានិច្ច នៅក្នុងដំណាក់កាលកូវីដ ដែលមកទល់ពេលនេះជិត២ឆ្នាំហើយ ដែលយើងបានប្រយុទ្ធជាមួយវា ហើយចំពោះមេរោគកូវីដ-១៩ អូមីក្រុង សម្តេចមិនអនុញ្ញាតឲ្យទៅព្យាបាលតាមផ្ទះឡើយ។
សូមបញ្ជាក់ថា៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២៖-ករណីឆ្លងថ្មី ១០នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)-ករណីជាសះស្បើយ ១១នាក់-ករណីស្លាប់ ០១នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)។ រីឯកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានចាក់៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០០,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,២០% ៕អត្ថបទ៖ មុត សុទ្ធ




