ការដំឡើងពន្ធក្នុងអត្រាដ៏ធ្ងន់ធ្ងរដែលកំណត់ដោយលោកប្រធានាធិបតី Donald Trump នៅខែក្រោយ អាចនឹងផ្ដល់ភាពតានតឹង ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់អ្នកការទូតជាន់ខ្ពស់របស់លោក ទៅកាន់អាស៊ី ក្នុងសប្តាហ៍នេះ ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងស្វែងរកការជំរុញទំនាក់ទំនងជាមួយបណ្ដាប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន នៅក្នុងតំបន់។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ (ទី៧ ខែកក្កដា) លោក Trump បានផ្ញើការជូនដំណឹងទៅកាន់ប្រទេសមួយចំនួន អំពីការដំឡើងពន្ធខ្ពស់ជាងមុន ប្រសិនបើប្រទេសទាំងនោះមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេនោះ ក្នុងនោះរួមទាំងប្រទេសអាស៊ីមួយចំនួនផងដែរ ខណៈចំណាត់ការនេះបានកើតឡើងមួយថ្ងៃមុនរដ្ឋមន្ត្រីការបរទេស លោក Marco Rubio គ្រោងចេញទៅចូលរួមសន្និសីទសន្តិសុខតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី។

អ្នកការទូត និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសយ៉ាងតិចចំនួន ៨ ដែលលោក Trump បានកំណត់គោលដៅសម្រាប់ពន្ធថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា នឹងត្រូវមានវត្តមាននៅក្នុងវេទិកាថ្នាក់តំបន់ប្រចាំឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅទីក្រុង Kuala Lumpur ដែលលោក Rubio នឹងចូលរួមនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
តែយ៉ាងណាក្ដី លោក Rubio អាចនឹងមានការពិបាកខ្លាំង ក្នុងការគេចឲ្យផុតពីបញ្ហាពន្ធដែលបានដាក់លើសម្ព័ន្ធមិត្ត និងដៃគូជិតស្និទ្ធបំផុតរបស់អាមេរិកមួយចំនួន នៅអាស៊ី ក្នុងនោះរួមមានទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដែលលោក Trump និយាយថា នឹងប្រឈមជាមួយអត្រា ២៥ភាគរយ ដោយសារគ្មានកិច្ចព្រមព្រៀង។ ប្រទេសទាំង២ មិនមែនជាសមាជិកអាស៊ានទេ ប៉ុន្តែប្រទេសទាំង២ នឹងត្រូវមានវត្តមាននៅក្នុងកិច្ចប្រជុំ នៅទីក្រុង Kuala Lumpur នេះ៕
