ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់ប្រទេសអូស្ត្រាលី បានឲ្យដឹងនៅថ្ងៃពុធ (ទី៩ ខែកក្កដា) នេះថា លេខទូរសព្ទ ថ្ងៃខែឆ្នាំកំណើត ឬអាសយដ្ឋានផ្ទះរបស់អតិថិជនជាង ១លាននាក់ ត្រូវបានលួចចូលប្រើប្រាស់ ដែលជាការបំពានតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំបំផុតមួយរបស់ប្រទេសលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។

ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា អតិថិជនចំនួន ៤លាននាក់ផ្សេងទៀត គឺមានត្រឹមតែឈ្មោះ និងអាសយដ្ឋានអ៊ីម៉ែលរបស់ពួកគេប៉ុណ្ណោះដែលត្រូវបានលួចចូលដោយក្រុមចោរព័ត៌មានវិទ្យា។
បន្ទាប់ពីបានលាតត្រដាងពីការវាយប្រហារតាមអ៊ីនធឺណិត កាលពីសប្តាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍ Qantas បានឲ្យដឹងនៅថ្ងៃពុធនេះថា មូលដ្ឋានទិន្នន័យដែលត្រូវបានរំលោភបំពានមានផ្ទុកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនចំនួន ៥,៧លាននាក់ បន្ទាប់ពីបានដកចេញនូវចំនួនពីមុន ៦លាននាក់ដែលរងផលប៉ះពាល់។
យ៉ាងណាក្ដី ក្រុមហ៊ុនអាកាសចរណ៍ Qantas បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានភស្តុតាងណាមួយ ដែលបង្ហាញថា ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនត្រូវបានបញ្ចេញនោះឡើយ ហើយក្រុមហ៊ុនកំពុងតាមដានយ៉ាងសកម្មនូវស្ថានភាពនេះ៕
