មនុស្ស៩នាក់បានស្លាប់ និងរថយន្តជាច្រើនគ្រឿង បានធ្លាក់ចូលទៅក្នុងទឹកទន្លេ Mahisagar (Mahi) បន្ទាប់ពីកំណាត់មួយនៃស្ពាន Gambira-Mujpur នៅតំបន់Padra taluka ទីក្រុង Vadodara រដ្ឋ Gujarat បានបាក់នៅថ្ងៃពុធនេះ។

ស្ពាន ដែលតភ្ជាប់ពីក្រុង Anand និងក្រុង Vadodara បានបាក់ក្នុងពេលធ្វើចរាចរណ៍នៅពេលព្រឹក បណ្តាលឱ្យមានមនុស្ស៩នាក់ស្លាប់និងរងរបួស៣នាក់ផ្សេងទៀត។ យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានរថយន្តចំនួន៤គ្រឿង រួមមានរថយន្តដឹកទំនិញចំនួន២គ្រឿង រថយន្តម៉ាកBolero SUVមួយគ្រឿង និងរថយន្តPickup មួយគ្រឿង បានកំពុងឆ្លងកាត់ស្ពាននេះ នៅពេលនោះស្ពានបានបាក់ភ្លាមៗ។
សាក្សីនិយាយថា បានឮសូរសំឡេងប្រេះបែកយ៉ាងខ្លាំង មុនពេលរថយន្តធ្លាក់ចូលទៅក្នុងទឹកទន្លេ ។ ក្រុមពន្លត់អគ្គិភ័យ នគរបាលមូលដ្ឋាន និងសមាជិករដ្ឋបាលស្រុក Vadodara បានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ និងបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ។
អ្នកស្រុកជាច្រើន បានមកចូលរួមជួយស្រង់យកអ្នករងរបួសចេញពីកម្ទេចកម្ទីបាក់បែកនៃស្ពាន។ រហូតមកដល់ពេលនេះ មនុស្សបីនាក់ត្រូវបានគេជួយសង្គ្រោះនាំយកទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។
