រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានសរសេរនៅក្នុងអត្ថបទមួយសម្រាប់សារព័ត៌មាន FT ថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការចរចាពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែសហរដ្ឋអាមេរិក គួរតែបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន អំពីការដោះស្រាយវិបត្តិដោយសន្តិវិធី។

លោកបាននិយាយថា៖«អ៊ីរ៉ង់នៅតែចាប់អារម្មណ៍លើផ្នែកការទូត ប៉ុន្តែយើងមានហេតុផលល្អ ក្នុងការមានការសង្ស័យអំពីការសន្ទនាបន្ថែមទៀត។ ប្រសិនបើមានបំណងប្រាថ្នាចង់ដោះស្រាយដោយមិត្តភាព សហរដ្ឋអាមេរិក គួរតែបង្ហាញពីការត្រៀមខ្លួនពិតប្រាកដសម្រាប់កិច្ចព្រមព្រៀងសមធម៌មួយ។
លោករដ្ឋមន្ត្រី បានបន្តថា៖«ដោយធ្លាប់ធ្វើខុសម្តង ពេលនេះ អ៊ីរ៉ង់មានការប្រុងប្រយ័ត្នទ្វេដង។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដើម្បីបញ្ចៀសសង្រ្គាមក្នុងតំបន់ពេញលេញ មិនគួរត្រូវបានបកស្រាយខុសថា ជាភាពទន់ខ្សោយនោះទេ។ យើងនឹងយកឈ្នះរាល់ការវាយប្រហារមកលើប្រជាជនរបស់យើង នាពេលអនាគត ហើយប្រសិនបើថ្ងៃណាមួយមកដល់ យើងនឹងបង្ហាញពីសមត្ថភាពពិតរបស់យើង ដើម្បីលុបបំបាត់ផលប៉ះពាល់ណាមួយដល់អំណាចរបស់អ៊ីរ៉ង់»។
