មេដឹកនាំនៃប្រទេសអាមេនី និងអាស៊ែបៃហ្សង់ នឹងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដា) ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីបើកកិច្ចចរចាសន្តិភាព មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមពីការមានកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស។
ទីក្រុង Baku និង Yerevan បានធ្វើសង្គ្រាម ២លើក នៅតំបន់ជម្លោះ Karabakh ដែលអាស៊ែបៃហ្សង់ដណ្តើមកាន់កាប់បានមកវិញពីកងកម្លាំងអាមេនី អំឡុងការវាយលុកយ៉ាងលឿនរហ័សដូចផ្លេកបន្ទោរ នៅឆ្នាំ២០២៣ ជាការប្រយុទ្ធគ្នាដែលជំរុញឲ្យជនជាតិអាមេនីជាង ១០០.០០០នាក់ភៀសខ្លួន។
គូអរិដ៏ស្រួចស្រាល់ទាំង២ បានព្រមព្រៀងលើឯកសារនៃកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយមួយ កាលពីខែមីនា ប៉ុន្តែទីក្រុង Baku បានគូសបញ្ជាក់ពីការទាមទារជាច្រើន ក្នុងនោះរួមទាំងការកែប្រែរដ្ឋធម្មនុញ្ញរបស់អាមេនីផងដែរ ដើម្បីទម្លាក់ការអះអាងសិទ្ធិលើដែនដីរបស់ប្រទេសនេះ ចំពោះតំបន់ Karabakh មុនពេលចុះហត្ថលេខាលើឯកសារនេះ។
នៅថ្ងៃពុធ (ទី៩ ខែកក្កដា) នេះ រដ្ឋាភិបាលអាមេនីបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី Nikol Pashinyan និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev នឹងជួបនៅថ្ងៃបន្ទាប់ ក្នុងរដ្ឋធានី Abu Dhabi របស់អារ់ាប់រួម «នៅក្នុងក្របខ័ណ្ឌនៃដំណើរការសន្តិភាព រវាងអាមេនី និងអាស៊ែបៃហ្សង់»។
ចំណែកប្រធានាធិបតីអាស៊ែបៃហ្សង់ បានចេញសេចក្តីថ្លែងការណ៍ដូចគ្នាបេះបិទ។ ការប្រកាសនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញក្តីសង្ឃឹមពីការមានកិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័ស រវាងប្រទេសជិតខាងនៃតំបន់កូកាស៕