យន្តហោះចម្បាំងឥណ្ឌា បានធ្លាក់នៅរដ្ឋ Rajasthan នាថ្ងៃពុធនេះ ដោយបានសម្លាប់អ្នកបើកបរ ២នាក់នៅលើយន្តហោះ ។
កងទ័ពអាកាសឥណ្ឌា បានបញ្ជាក់នៅលើបណ្តាញព័ត៌មានសង្គម Xថា យន្តហោះចម្បាំង Jaguar បានជួបឧបទ្ទេវហេតុនេះ អំឡុងពេលហ្វឹកហាត់ ហើយគ្មានសេចក្តីរាយការណ៍ពីការខូចខាតដល់ទ្រព្យសម្បត្តិជនស៊ីវិលនោះទេ ។ ឧបទ្ទេវហេតុនេះ បានកើតឡើងនៅជិតទីក្រុង Churu ស្ថិតក្នុងរដ្ឋ Rajasthan ។
អ្នកបើកបរយន្តហោះយោធាដែលដឹងច្បាស់ពីហេតុការណ៍ធ្លាក់យន្តហោះនេះ និយាយថា វាជាប្រភេទយន្តហោះចម្បាំង ២កៅអី Jaguar។
រូបភាពពីទីតាំងធ្លាក់ ឃើញបំណែកយន្តហោះចម្បាំង រាយប៉ាយនៅលើដីកសិកម្ម ។ ហេតុការណ៍ធ្លាក់យន្តហោះនៅថ្ងៃពុធនេះដែរ គឺជាហេតុការណ៍ចុងក្រោយគេពាក់ព័ន្ធនឹងកងទ័ពអាកាសឥណ្ឌា ។
យន្តហោះចម្បាំង Jaguar ២គ្រឿង និងយន្តហោះចម្បាំង Mirage 2000 ១គ្រឿង បានធ្លាក់ក្នុងឆ្នាំនេះ អំឡុងពេលហ្វឹកហាត់ ៕