ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ជាច្រើននៅប្រទេសចិននាថ្ងៃពុធនេះ ស្របពេលដែលព្យុះត្រូពិក Danas វាយប្រហារតំបន់ឆ្នេរ ហើយភ្លៀងមូសុងវស្សា បង្កឲ្យកើតមានបំណាក់ដី និងទឹកជំនន់ដ៏គំហុក ។
អាជ្ញាធរឧតុនិយមចិន បានជំរុញឲ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ ខណៈព្យុះដែលបានចុះខ្សោយពីកម្លាំងព្យុះទីហ្វុងបន្ទាប់ពីឆក់យកជីវិតមនុស្ស ២នាក់នៅកោះតៃវ៉ាន់មួយនេះ បានចាប់ផ្តើមបង្អុរទឹកភ្លៀងដែលបានស្រូបយកពីសមុទ្រចិនខាងត្បូង ហើយតម្រង់ទៅទិសនិរតី ក្នុងល្បឿនខ្យល់ប្រហែល ៥០គ.មក្នុង ១ម៉ោង ។
ព្យុះត្រូពិក Danas កំពុងធ្វើដំណើរឆ្លងកាត់ខេត្ត Zhejiang និង Fujian ឆ្ពោះទៅខេត្ត Jiangxi និង Guangdong ហើយត្រូវព្យាករថានឹងមានភ្លៀងធ្លាក់ រហូតដល់កម្ពស់ ៣០០មីលីម៉ែត្រ នៅផ្នែកខ្លះ ។
ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២របស់ពិភពលោកមួយនេះ ប្រឈមនឹងការគំរាមកំហែងកើនឡើងពីអាកាសធាតុអាក្រក់ ដែលក្រុមឧតុនិយមអះអាងថា វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។
ជារៀងរាល់ឆ្នាំ ផលប៉ះពាល់នេះគំរាមកំហែងដល់សកម្មភាពពាណិជ្ចកម្មតម្លៃរាប់ពាន់លានដុល្លារ រួមទាំងការបាត់បង់អាយុជីវិតមនុស្ស ៕