បាល់ទាត់៖ ក្លិបហង្សក្រហម Liverpool ធ្វើលិខិតផ្លូវការមួយស្នើដើម្បីលើកការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup ជើងទី១ នៅទឹកដី Arsenal ដោយសារការកើនឡើងនៃករណីឆ្លង Covid-19 នៅក្នុងក្លិប។ Liverpool បានលុបចោលការហ្វឹកហាត់ជុំគ្នារបស់ក្រុមធំនៅថ្ងៃអង្គារម្សិលមិញ ខណៈអ្នកចាត់ការ Jurgen Klopp ក៏អវត្តមានពីការប្រកួតដែរកាលពីថ្ងៃអាទិត្យនៅពេល Liverpool ស្មើនៅទឹកដី Chelsea ក្រោយតេស្តវិជ្ជមាន Covid-19។
ជាមួយគ្នានោះដែរកីឡាករសំខាន់ៗមួយចំនួនទៀតដូចជាអ្នកចាំទី Alisson Becker, Joel Matip និង Roberto Firmino សុទ្ធតែអវត្តមានពីការប្រកួតនោះបូកបញ្ចូលជាមួយបុគ្គលិកក្លិប ៣នាក់ទៀតដែលសុទ្ធតែឆ្លង Covid-19។ មិនត្រឹមតែប៉ុណ្ណោះ Liverpool ក៏នឹងបាត់បង់កីឡាករ ៣នាក់សំខាន់ៗរួមមាន Mohamed Salah, Sadio Mane និង Naby Keita ដោយពួកគេត្រូវទៅចូលរួមការប្រកួតជើងឯកទ្វីបអាហ្វ្រិក។ សំណើសុំលើកការប្រកួតនេះត្រូវបានបញ្ជូនទៅកាន់ EFL រួចរាល់ ខណៈការប្រកួតគ្រោងធ្វើនៅយប់ថ្ងៃព្រហស្បតិ៍នេះ។ ក្រៅពីជួប Arsenal ស្អែកនេះ Liverpool ក៏ត្រូវប្រកួត FA Cup នៅថ្ងៃអាទិត្យដែរដោយជួបជាមួយ Shrewsbury Town មុននឹងជួប Arsenal ម្តងទៀតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup នៅថ្ងៃទី១៣៕
អត្ថបទ៖នាង សុភាវុធ