វិមានក្រឹមឡាំងនិយាយនៅថ្ងៃពុធនេះថា ខ្លួនមិនទាន់ប្រាកដនោះទេចំពោះភាពត្រឹមត្រូវនៃអត្ថបទចុះផ្សាយរបស់ CNNដែលបានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្លាប់បានគំរាមទម្លាក់គ្រាប់បែកលើទីក្រុងម៉ូស្គូ ដើម្បីរារាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពីការវាយប្រហារអ៊ុយក្រែន ។
សេចក្តីរាយការណ៍របស់ CNNដោយលើកឡើងសារថតសំឡេងរបស់លោក Trumpនិយាយប្រាប់ការជួបជុំឯកជននៃម្ចាស់ជំនួយ ស្របពេលយុទ្ធនាការមុនការបោះឆ្នោតរបស់លោកកាលពីឆ្នាំ ២០២៤ថា លោកបានព្រមានលោក Putin ថាលោកនឹងទម្លាក់គ្រាប់បែកលើទីក្រុងម៉ូស្គូ បើសិនជារុស្ស៊ីវាយប្រហារអ៊ុយក្រែន ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា មានរឿងក្លែងក្លាយច្រើនណាស់ ហើយលោកមិនទាន់ប្រាកដនោះទេថាតើសេចក្តីរាយការណ៍មួយនេះ ជាការពិត ឬក៏ក្លែងក្លាយ ។
CNN រាយការណ៍ថា លោក Trumpបាននិយាយផងដែរថា លោកបានធ្វើការព្រមានស្រដៀងគ្នា ដល់ប្រធានាធិបតីចិនលោក Xi Jinping ចំពោះការវាឈ្លានពានដ៏មានសក្តានុពលលើកោះតៃវ៉ាន់ ដោយលោកនិយាយប្រាប់គាត់ថា សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកលើទីក្រុងប៉េកាំង ជាការឆ្លើយតប ៕