ភ្នំពេញ៖ អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យ និងណែនាំម្ចាស់ដេប៉ូខ្សាច់៥ទីតាំង ដើម្បីឱ្យរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជៀសសវាងបង្កផល់ប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ជាពិសេសដីខ្សាច់ធ្លាក់លើផ្លូវ បង្កផលលំបាកដល់អ្នកធ្វើដំណើរ និងងាយបង្កគ្រោះថ្នាក់ផងដែរ។
ការចុះពិនិត្យ និងណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ចាត់ឲ្យក្រុមការងាររដ្ឋបាលខណ្ឌឬស្សីកែវ ដល់ទីតាំងដេប៉ូខ្សាច់ចំនួន៥ ទីតាំង ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីអនុវត្តន៍វិធានការអនាម័យបរិស្ថាន និងថែរក្សាសណ្តាប់ធ្នាប់សាធារណៈ មិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវជាដើម។
ក្នុងការចុះត្រួតពិនិត្យដេប៉ូខ្សាច់ទាំង ៥ ក្រុមការងារបានណែនាំ តម្រូវឱ្យធ្វើកន្លែងលាងសំអាតកង់ឡានតាមលក្ខណ:បច្ចេកទេសត្រឹមត្រូវ មុននឹងធ្វើចរាចរលើដងផ្លូវ ។ ត្រូវប្រើតង់កៅស៊ូ គ្របឡានដឹកខ្សាច់ឱ្យបានជិតត្រឹមត្រូវជៀសវៀងធ្លាក់ដីខ្សាច់លើដងផ្លូវបណ្តាលខូចសោភ័ណភាព សណ្តាប់ធ្នាប់សាធារណ: ប៉ះពាល់ដល់អ្នកធ្វើដំណើ ។ ត្រូវលាងសំអាតផ្លូវឱ្យបានស្អាតជាប្រចាំនៅទីតាំងដេប៉ូខ្សាច់រៀងៗខ្លួន។
ជាចុងក្រោយ ក្រុមការងារនៃរដ្ឋបាលខណ្ឌឬស្សីកែវ បានបញ្ជាក់បន្ថែមថា ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងឱ្យម្ចាស់ដេប៉ូខ្សាច់ និងក្រុមហ៊ុនដឹកជញ្ជូនអំពីការថែរក្សាអនាម័យបរិស្ថាន និង សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ៕
អត្ថបទ៖ កុម្ភៈ








