YouTube ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alphabet បានប្រាប់អ្នករិះគន់រដ្ឋាភិបាលប៉ាគីស្ថានជាង ២០នាក់ថា ខ្លួនកំពុងពិចារណាបិទឆាណែលរបស់ពួកគេ បន្ទាប់ពីតុលាការក្នុងតំបន់ បានស្វែងរកការហាមប្រាមពួកគេកុំឲ្យ «ប្រឆាំងរដ្ឋ»។
យោងតាមដីកាតុលាការ កាលពីថ្ងៃទី២៤ ខែមិថុនា ដែលសារព័ត៌មាន Reuters បានឃើញ បានឲ្យដឹងថា ឆាណែលដែលអាចត្រូវបានបិទក្នុងប្រទេសប៉ាគីស្ថាន រួមមានឆាណែលរបស់គណបក្សប្រឆាំងដ៏ធំ និងមេដឹកនាំរបស់បក្សនេះផងដែរ គឺអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ។
ចៅក្រមតុលាការ ក្នុងទីក្រុង Islamabad បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកការហាមឃាត់នេះ បន្ទាប់ពីទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតជាតិ (NCCIA) បានរិះគន់ឆាណែលទាំងនោះ នៅក្នុងរបាយការណ៍កាលពីថ្ងៃទី២ ខែមិថុនា ពីបទ «ចែករំលែកខ្លឹមសារបំភិតបំភ័យ ញុះញង់ និងបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹងស្ថាប័នរដ្ឋ និងមន្ត្រីនៃរដ្ឋប៉ាគីស្ថាន»។
YouTube បានប្រាប់អ្នកបង្កើតមាតិកាចំនួន ២៧ ថា ឆាណែលរបស់ពួកគេអាចត្រូវបានបិទ ប្រសិនបើពួកគេមិនគោរពតាមដីការបស់តុលាការទេនោះ៕