អ្នកស្រុក និងប្រធានក្រុមអ្នកស្ម័គ្រចិត្ត នៅថ្ងៃពុធ (ទី៩ ខែកក្កដា) នេះ បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ បានសម្លាប់អ្នកស្ម័គ្រចិត្តសន្តិសុខសហគមន៍យ៉ាងហោចណាស់ ៧០នាក់ អំឡុងពេលពួនស្ទាក់វាយប្រហារ ក្នុងរដ្ឋ Plateau ដែលញាំញីដោយអំពើហិង្សា នៅភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា។
ប្រធានក្រុមអ្នកស្ម័គ្រចិត្ត លោក Aliyu Baffa បាននិយាយថា ការវាយឆ្មក់បានកើតឡើងប្រហែលម៉ោង ១៣ ម៉ោងសកល កាលពីថ្ងៃចន្ទ នៅជិតសហគមន៍ Kukawa និង Bunyun ក្នុងតំបន់ Kanam ខណៈដែលអ្នកស្ម័គ្រចិត្តរាប់រយនាក់ កំពុងធ្វើដំណើរទៅកាន់តំបន់ Madam Forest ដែលត្រូវបានគេស្គាល់ថា ជាកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដ៏ធំ។
លោក Baffa បាននិយាយថា អ្នកស្ម័គ្រចិត្តជាង ៧០នាក់ ត្រូវបានសម្លាប់ ហើយសាកសពជាច្រើនទៀតអាចនឹងត្រូវបានរកឃើញ។ លោកបាននិយាយតាមទូរស័ព្ទថា មនុស្សជាង ៦០នាក់ ត្រូវបានគេកប់ ក្នុងទីក្រុង Kukawa តែមួយ។
ការពួនស្ទាក់វាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានគូសបញ្ជាក់ពីការកើនឡើងនៃការបង្ហូរឈាមនៃក្រុមមានជម្លោះជាមួយគ្នា ដែលជារឿយៗពាក់ព័ន្ធនឹងកងជីវពលឥស្លាម ឬក្រុមអន្ធពាល នៅទូទាំងប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ទ្វីបអាហ្រ្វិក ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយមនុស្សចំនួន ២.២៦៦នាក់ ត្រូវបានសម្លាប់នៅពាក់កណ្តាលឆ្នាំ២០២៥។ នគរបាល នៅរដ្ឋ Plateau មិនអាចទាក់ទងបានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយ៕