ក្រុមជួយសង្រ្គោះ បានទាញសមាជិកនាវិក ៧នាក់នៅរស់ចេញពីសមុទ្រក្រហមនៅថ្ងៃពុធនេះ ហើយនិងកំពុងស្វែករកមនុស្ស ១៤នាក់ទៀតដែលកំពុងបាត់ខ្លួន ពីនាវាទី ២ ក្នុងចំណោមនាវាដឹកទំនិញ ២គ្រឿងដែលបានលិចក្នុងរយៈពេល ២ថ្ងៃ ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី ។
ប្រភពរបស់ក្រុមហ៊ុនសន្តិសុខដែលចុះប្រតិបត្តិការជួយសង្រ្គោះ និយាយថា មនុស្ស ៥នាក់ ក្នុងចំណោមមនុស្ស ២៥នាក់នៅលើនាវាដឹកទំនិញ Eternity C បានស្លាប់ មុនពេលនាវិកផ្សេងទៀត បោះបង់ចោលនាវា ដែលបានលិចនៅព្រឹកថ្ងៃពុធនេះ ក្រោយរងការវាយប្រហារកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ។
ពួកគេនិយាយថា នាវិក ៧នាក់ដែលត្រូវបានជួយសង្រ្គោះ បានចំណាយពេលជាង ២៤ម៉ោងនៅក្នុងសមុទ្រ ។
មិនទាន់មានសេចក្តីអត្ថាធិប្បាយនោះទេពីក្រុមហ៊ូធី លើជោគវាសនារបស់នាវា Eternity C ប៉ុន្តែក្រុមមួយនេះ បានប្រកាសទទួលស្គាល់សម្រាប់ការវាយប្រហារស្រដៀងគ្នាកាលពីថ្ងៃអាទិត្យ ដែលមានគោលដៅលើនាវា ១គ្រឿងទៀតគឺនាវា Magic Seas ។ នាវិកទាំងអស់នៅលើនាវា Magic Seas ត្រូវបានជួយសង្រ្គោះ មុនពេលវាលិច ៕