ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញលិខិតបន្ថែមទៀតផ្ញើទៅកាន់បណ្ដាដៃគូពាណិជ្ជកម្មកាលពីថ្ងៃពុធ ៩ ខែកក្កដា ដោយបង្ហាញពីអត្រាពន្ធសម្រាប់ប្រទេសចំនួន ៦ ស្របពេល ទីក្រុងវ៉ាស៊ីនតោន ស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ច្របូកច្របល់។

លិខិត ដែលផ្ញើទៅកាន់មេដឹកនាំហ្វីលីពីន ប្រ៊ុយណេ អាល់ហ្សេរី លីប៊ី អ៊ីរ៉ាក់ និងម៉ុលដាវី សរសេរពីពន្ធកាតព្វកិច្ចពី ២០ ភាគរយ ទៅ ៣០ ភាគរយ ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា។
ស្រដៀងទៅនឹងឯកសារដំបូងរបស់លោក Trump ដែលបានចេញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ កម្រិតពន្ធមិនខុសគ្នាប៉ុន្មានពីអ្វីដែលបានគំរាមក្នុងខែមេសា ទោះដៃគូមួយចំនួនបានទទួលអត្រាពន្ធទាបជាងគួរឱ្យកត់សម្គាល់នៅពេលនេះក៏ដោយ។
ថ្ងៃផុតកំណត់សម្រាប់ការកម្រិតពន្ធដ៏ខ្ពស់ទាំងនោះ គ្រោងចូលជាធរមាននៅថ្ងៃពុធទី៩កក្កដា សប្ដាហ៍នេះ មុនពេលលោក Trump បានពន្យារពេលបន្ថែមទៀតដល់ថ្ងៃទី១ ខែសីហា ។លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ច្បាស់ៗកាលពីថ្ងៃអង្គារ ៨ កក្កដា ថានឹងពុំមាន ការពន្យាពេលទៀតហួសពីថ្ងៃផុតកំណត់យកពន្ធថ្មីទី១ ខែសីហានោះទេ។
រហូតមកដល់ពេលនេះ ប្រទេសចំនួន២០ បានទទួលលិខិតរបស់លោក Trump រួចហើយ រួមទាំងសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិក គឺជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងឥណ្ឌូនេស៊ី បង់ក្លាដែស និងថៃ៕

